ភ្លៀងមួយមេធំ ខ្យល់កន្ត្រាក់មួយប្រាវ ធ្វើឱ្យខូចខាតផ្ទះអស់០៩ខ្នងនៅស្រុករតនមណ្ឌល
- បាត់ដំបង
ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចចំនួន០៩ខ្នង និងស្លាកគណបក្សនយោបាយចំនួន០២ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់វាយប្រហារត្រឹមមួយប៉ព្រិចភ្នែក កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៣ មិថុនា ស្ថិតនៅក្នុងទឹកដី ឃុំត្រែង ស្រុករតនមណ្ឌល តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋ និងផ្ទាំងស្លាកគណបក្សដែលរងការខូចខាតនោះ មាននៅក្នុងភូមិគីឡូ និងភូមិជាមន្ត្រី ក្នុងឃុំត្រែង ដែលធ្វើឲ្យខូចខាតលំនៅឋានសរុបចំនួន០៩ខ្នង និងខូចខាតស្លាកគណបក្សប្រជាជនអស់ចំនួន០២ផ្ទាំង ប៉ុន្តែលំនៅឋានភាគច្រើនខូចខាតដំបូល តែពុំមានគ្រោះថ្នាក់មនុស្សទេ ។

មន្ត្រីមូលដ្ឋានបាននិយាយថា ភ្លៀងធ្លាក់មួយមេធំក្នុងរយៈពេលយូរគួរសម លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ផ្គរ រន្ទះ យ៉ាងកក្រើកមេឃផង ។ មន្ត្រីដដែលបានប្រាប់ថា ខ្យល់កន្ត្រាក់មិនត្រឹមតែវាយប្រហារលំនៅឋានរបស់ពលរដ្ឋទេ ថែមទាំងវាយរំលំដើមឈើដួលជាច្រើនដើមនៅតាមដងផ្លូវទៀតផង តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់មនុស្ស។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងអំពី«ព្រឹត្តិបត្រព្យាករណ៍ អាកាសធាតុ»លើខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ មិថុនា ដោយនិយាយថា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុខេត្តបាត់ដំបង ទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលលើខេត្តបាត់ដំបង ក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យមានខ្យល់កន្ត្រាក់បក់ក្នុងល្បឿនលឿនពី៥ ទៅ៩ម៉ែត្រ/វិនាទី និងមានភ្លៀង ផ្គរ រន្ទះ ពីតិចទៅមធ្យម ។

អាស្រ័យហេតុនេះ សូមសាធារណៈជនត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុដ៏អាក្រក់នេះ ដែលអាចបង្កគ្រោះមហន្តរាយដោយយថាហេតុបាន ៕






ចែករំលែកព័តមាននេះ