ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ជលផល​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​បង្ក្រា.ប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កងមាស​បំផ្លា.ញ​ចោល​ស្បៃ​មុង

3 ថ្ងៃ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ប្រតិបត្តិការ​របស់​ជំនាញ​ជលផល​បាន​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដោយ​បាន​បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​ដែល​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦​។​ក្នុងភូមិ​សាស្ត្រ​ស្រុក​កងមាស​ដែល​នៅ​ជាប់​ដង​ទន្លេមេគង្គ ជាមួយ​នោះ​បាន​កំទេច​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​នឹង​កន្លែង​បានជា​ច្រើន​រយ​ម៉ែត្រ​ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ក្នុង​បឹង​ធម្មជាតិ​។

បើ​តាម​លោក​លី ស្រ៊ី នាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា​ ដោយ​មានការ​ណែនាំ​ពី​ថ្នាក់លើ​រូប​លោក​បាន​ចាត់​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ អាជ្ញាធរ​ស្រុក​កងមាស កងរាជអាវុធហត្ថ​ស្រុក​កងមាស និង​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន ០១​ករណី​ដោយ​រុះរើ និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់ នៅ​នឹង​កន្លែង ០១​ករណី នៅ​ចំណុច​បឹង​វាល​លេង ឃុំ​សូរ​គង ស្រុក​កងមាស ខេត្តកំពង់ចាម​។

ជំនាញ​ជលផល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ដកហូត​វត្ថុ​តាង​បំផ្លាញ​ចោល នៅ​និង​កន្លែង រួម​មាន ៖
-​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ១២​មាត់
-​របាំង​ស្បៃ​មុង​ប្រវែង ១៧០​ម៉ែត្រ
-​បង្គោល​ចំនួន ១១០​ដើម
-​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ០៤​គីឡូក្រាម​។

បន្ទាប់​មក​សមត្ថកិច្ច​ចម្រុះ បាន​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ជលផល ដល់​ប្រជា​នេសាទ​ចំនួន​១៥​នាក់ នៅ​ចំណុច​បឹង​កន្លែង​(​ក្រោយ​ឡឥដ្ឋ​) ឃុំ​សូរ​គង ស្រុក​កងមាស​ឲ្យ​យល់​ដឹង​ពី​ច្បាប់​ជលផល​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​នេសាទ​ឧបករណ៍​ស្របច្បាប់​ជា​លក្ខណៈ​គ្រួសារ​ក្នុង​រដូវ​បិទ​ ៕​