រឿងរ៉ាវកាន់តែធំនៅវត្តសង្កែ៖ ក្រោយអតីតចៅអធិការបង្វេចខោអាវរត់គេចខ្លួន ស្រាប់តែបាត់ទាំងត្រាវត្ត និងលេចវិក្ក័យបត្របំណុល
- ព្រៃវែង
ខេត្តព្រៃវែង ៖ ស្របពេលថ្ងៃច័ន្ទ៨កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ជាថ្ងៃសីល ឧបាសក ឧបាសិការ គណៈកម្មការ អាចារ្យវត្ត នាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងប្រតិបត្តិធម៌តាមទំនៀមទំលាប់អ្នកកាន់សាសនាព្រះពុទ្ធ ស្រាប់តែមានការផ្អើលឈុលរឿងថ្មីមួយទៀត គឺបាត់«ត្រា»វត្តសង្កែ ដែលហេតុផលម្នាក់ៗបានប្រើពាក្យថា ពិតជាអតីតចៅអធិការវត្តឈ្មោះ ណែម វុទ្ធី ដាក់ក្នុងថង់យាមគេចខ្លួនយកទៅ បន្ទាប់ពីមានការបែកធ្លាយឃ្លីបវីដេអូរមួយ ដែលអតីតចៅអធិការវត្តសង្កែបានបង្ហាញកេរ្តិ៍ភេទឱ្យស្រីស្នេហ៍មើល ។

ជាមួយនឹងការភ្ញាក់ផ្អើលបាត់«ត្រា»វត្ត ក៏មានម្ចាស់ដេប៉ូលក់គ្រឿងសំណង់ជាច្រើននាក់ បានកាន់វិក័យបត្រទិញ-លក់យកទៅជូនគណៈកម្មការ អាចារ្យវត្ត ដើម្បីទូទាត់ប្រាក់ដែលអតីតចៅអធិការ ណែម វុទ្ធី ជំពាក់គ្មានឱ្យអ្នកណាដឹងឮ ហើយវិក័យបត្រដែលជំពាក់គេបឋមនោះ សរុបទឹកប្រាក់ជាង៦ម៉ឺនដុល្លារអាមេរិក នឹងនៅមានបន្តទៀត ។
ប្រាក់ដែលលោក ណែម វុទ្ធី ជំពាក់អ្នកលក់គ្រឿងសំណង់នោះ រឿងយកមកកសាងសាលាឆាន់ និងរបងវត្ត ប៉ុន្តែជាក់ស្តែងសាលាឆាន់មានតែគ្រោង អត់ដំណើរការទៅមុខរយៈពេល២-៣ឆ្នាំហើយ ចំណែករបងវត្តមានតែជាប់ខ្លោងទ្វារខាងមុខបន្តិច ចំហៀង និងខាងក្រោយគោ-ក្របីចេញចូលបាន ពោលគឺគ្មានការកសាងអ្វីឡើយ ។

ទាក់ទិននឹងការរត់គេចខ្លួនរបស់អតីតចៅអធិការវត្តសង្កែ លោក ឆាន សុផា មេឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា ករណីនេះ លោកបានធ្វើរបាយការណ៍ជូនទៅគណៈអភិបាលស្រុករួចហើយ ហើយស្រុកកំពុងមានវិធានការទាក់ទងទៅលោក ណែម វុទ្ធី ដើម្បីឲ្យចូលខ្លួនមកដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធវត្តសង្កែ រួមទាំងថវិកាវត្ត ដែលជំពាក់អ្នកលក់គ្រឿងសំណង់ជុំទិស ប៉ុន្តែទាក់ទងមិនបានដោយទូរស័ព្ទបិទគ្រប់ប្រព័ន្ធ ។
លោកមេឃុំបន្តថា រឿងនេះ អាចឈានទៅដល់ផ្លូវច្បាប់ បើសិនជាលោក ណែម វុទ្ធី មិនចូលខ្លួនមកដោះស្រាយជាមួយឧបាសកជើងវត្តនោះ ហើយសង្ឃឹមថា អតីតចៅអធិការវត្តសង្កែ មិនអាចគេចផុតពីសំណាញ់ច្បាប់បានយូអង្វែងទេ ។

សូមរំលឹកថា អតីតចៅអធិការវត្តសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថា កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដោះស្បង់ចីវរវេចបង្វិចរត់ឡើងឡានគេចខ្លួនចេញពីវត្តបាត់ទៅហើយ បន្ទាប់ពីមានការបែកធ្លាយឃ្លីបវីដេអូរមួយ ត្រូវបានចែកចាយតៗគ្នា ស្តីពីសកម្មភាពរបស់អតីតចៅអធិការវត្តនោះ បង្ហាញប្រដាប់ភេទសារសងឲ្យស្រីស្នេហ៍មើល ។
ទាក់ទិនរឿងរ៉ាវខាងលើនេះ ត្រូវបានលោក ឆាន សុផា មេឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បញ្ជាក់ថា ចៅអធិការវត្តសង្កែ ពិតជាបានចាកចេញពីវត្តប្រាកដមែន ប៉ុន្តែមិនដឹងទៅទីណាទេ មុនចាកចេញអតីតចៅអធិការវត្តនោះ បានដោះស្បង់ចីវរខ្លួនឯង ហៅថា (សឹកក្បាលដំបូក) ហើយក៏មានរថយន្តមួយគ្រឿងចូលទៅដឹកគេចចេញបាត់ទៅ។

សូមជម្រាបថា អតីតចៅអធិការវត្តសង្កែ មានឈ្មោះ ណែម វុទ្ធី អាយុជាង៥០ឆ្នាំ មិនជាមនុស្សរស់នៅជើងវត្តសង្កែទេ ហៅថា (មាន់ក្រៅស្រុក) ដែលកន្លងមកត្រូវបានលោកឧកញ៉ាម្នាក់និមន្តទៅឲ្យធ្វើចៅអធិការវត្ត ដោយសារវត្តនេះខ្វះខាតព្រះសង្ឃគ្រប់គ្រង។ នៅពេលលោក ណែម វុទ្ធី ធ្វើចៅអធិការវត្ត វត្តសង្កែក៏មានការរីកចម្រើនគ្រាន់បើដែរ ប៉ុន្តែមួយរយៈក្រោយនេះមានរឿងរ៉ាវមិនសូវល្អជាច្រើន បានធ្វើឲ្យឧបាសកជើងវត្តអាក់អន់ស្រពន់ចិត្ត ខកចិត្តនូវទង្វើរដែលអតីតចៅអធិការវត្តបានប្រព្រឹត្ត តែដោយសារពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើចៅអធិការវត្តនោះ ពុទ្ធបរិសត្វនាំគ្នាដេកអោបទុករហូតខ្លះលែងចង់ចូលវត្តធ្វើបុណ្យទៀតផង ។

ស្រាប់តែនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មានការបែកធ្លាយឃ្លីបវីដេអូមួយ ដែលបុគ្គលសង្ឃ ណែម វុទ្ធី បានទាក់ទងសារសងស្នេហាជាមួយស្ត្រីម្នាក់ ដោយបញ្ចេញប្រដាប់ភេទបង្ហាញកេរ្តិ៍ខ្មាស់ឲ្យស្រីស្នេហ៍មើល ដែលឃ្លីបវីដេអូរនោះមានរយៈពេល៦នាទីហើយត្រូវបានចែកចាយតៗគ្នា ធ្វើឲ្យឧបាសកជើងវត្តមានប្រតិកម្ម ទើបនាំគ្នាផ្តិតមេដាយព្រោងព្រាត ដាក់ជូនទៅអាជ្ញាធរភូមិឃុំ ដើម្បីស្នើសុំបណ្តេញចៅអធិការចេញពីវត្ត ។

ក្រោយពីមានស្នាមមេដាយរបស់ប្រជាពលរដ្ឋរាប់រយនាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាន សុផា មេឃុំស៊ាងឃ្វាង និងមេរងឃុំម្នាក់ ព្រមទាំងមន្ត្រីសមត្តកិច្ចនគរបាលឃុំបានចុះទៅដល់វត្តសង្កែដើម្បីសួរនាំអតីតចៅអធិការតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលអាជ្ញាធរនិងសមត្តកិច្ចកំពុងធ្វើការងរនេះ លោក ណែម វុទ្ធី អតីតចៅអធិការវត្តបានដោះស្បង់ចីវរឡើងជិះរថយន្តគេចខ្លួនបាត់ទៅ ។ តែទោះជាយ៉ាងណាក្តីសមត្តកិច្ច និងអាជ្ញាធរមូលដ្ឋានបាននិងកំពុងមានចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ