ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការងារ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​អភិបាលរង ឧត្តមសេនីយ៍ឯក មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោកស្នងការ​រង​នគរបាល​រាជធានី លោក លោកស្រី​អភិបាល​ខណ្ឌ​ទាំង​១៤ លោក លោកស្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ បន្ទាប់​ពី​ស្តាប់​បាយ​ការណ៍​វឌ្ឍនភាព នៃ​ការងារ​បង្ក្រាបរ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​រាយការណ៍​ដោយ​លោកស្នងការ​រង​រួច ក៏​មានការ​ចូលរួម​ជា​មតិយោបល់ និង​ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​រដ្ឋបាល​ខណ្ឌ​មួយ​ចំនួន ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក ជា​ពិសេស​ការ​ចែករំលែក និង​ពិភាក្សា​រក​ដំណោះស្រាយ​សម​ស្រប​សម្រាប់​អនុវត្ត​បន្ត​ទៀត ។

លោកស្រី​អ្នកនាំពាក្យ​បន្ត​ថា ដើម្បី​ជា​ធាតុ​ចូល និង​ការ​បង្កើន​ប្រសិទ្ធិ​ភាព នៃ​ការ​បង្ក្រាប​បទល្មើស​នេះ លោក ឃួ​ង ស្រេង បាន​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ស្នងការដ្ឋាន​នគរបាល​រាជធានី និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​អនុវត្ត​វិធានការ​ជំនាញ​របស់​ខ្លួន​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត ជា​ពិសេស ត្រូវ​ជំរុញ​ឱ្យ​មានការ​ចូលរួម​សហការ​ពី​ម្ចាស់​ទីតាំង​សណ្ឋាគារ ខុន​ដូ ផ្ទះសំណាក់ ផ្ទះ​ជួល ជាដើម ធ្វើ​យ៉ាងណា​ឱ្យ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ ០៣ កាន់តែ​មាន​ប្រសិទ្ធិ​ភាព រហូត​ឈាន​ទៅ​បង្ក្រាប​បទល្មើស​បាន​ទាន់​ពេលវេលា​។ ជាមួយ​គ្នា​នេះ​រដ្ឋបាល​ខណ្ឌ​ទាំងអស់ ត្រូវ​ជំរុញ​ចលនា​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទៅ ធ្វើ​យ៉ាងណា​លើកទឹកចិត្ត​ដល់​ពួក​គាត់​ឱ្យ​ផ្តល់​ព័ត៌មាន ក្នុង​ករណី​ប្រទះ​ឃើញ​ករណី​សង្ស័យ​មានការ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្បែរ ឬ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ ត្រូវ​រាយការណ៍​ឱ្យ​អាជ្ញាធរ​ដឹង ដើម្បី​ចាត់វិធានការ​បង្ក្រាប ។
លោក​អភិបាល ក៏​បាន​បន្ត​ទៀត​ថា ជាមួយនឹង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​អាជ្ញាធរ កងកម្លាំង ម្ចាស់​ទីតាំង និង​ប្រជាពលរដ្ឋ​ទូទៅ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា បោក​សម្អាត​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នឹង​អាច​ធ្វើ​ទៅ​បាន​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ៕