ទុរេនបែកអន្លូង ១តោន និងសាម៉ាវ ៤០០គីឡូ ព្រមទាំងថវិកាមួយចំនួន ត្រូវបានយកប្រគល់ជូនវិរៈកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ
- កំពង់ចាម
ខេត្តកំពង់ចាម៖ តាមរយៈការអំពាវនាវពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងនោះបានធ្វើឲ្យម្ចាស់ចម្ការទុរេននៅបែកអន្លូងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បាននាំគ្នាជួយឧបត្ថម្ភជាហូរហែនៅផ្លែសាវម៉ាវបានរាប់រយគីឡូនិងផ្លែទុរេនមានរសជាតិឆ្ងាញ់ជូនដល់អាជ្ញាធរ ដើម្បីយកទៅចែកជូនដល់បងៗវីរៈកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ។ នេះគឺជាមនោសញ្ចេតនាមួយដែលផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខគឺមិនអាចខ្វះគ្នាបាននោះទេ។
លោក រស់ វីរ៉េត មេឃុំអារក្សត្នោតបានឲ្យដឹងនាល្ងាចថ្ងៃទី២១មិថុនាថា ដោយមានការអនុញ្ញាតពីសំណាក់លោកបាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ក៏ដូចជាឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានចាត់ឱ្យរូបលោកនិងសហការីនាំយកផ្លែឈើជាច្រើនកេស ទៅជូនដល់កម្លាំងវីរៈកងទ័ពជួរមុខដែលឈរជើងការពារបូរណភាពទឹកដីព្រំដែនកម្ពុជា-ថៃក្នុងខេត្តព្រះវិហារ។
លោកមេឃុំបានបន្តឲ្យដឹងទៀតថា នៅក្នុងដំណើរបំពេញបេសកកម្មតាមផ្លូវរាប់រយគីឡូម៉ែត្រកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកផ្លែទុរេនបែកអន្លូងទង្ងន់១តោន និងផ្លែសាវម៉ាវ ៤០០គីឡូក្រាម ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខនៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ កំពុងឈរជើងនៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ។ ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមានទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។
លោក រស់ វីរ៉េត មេឃុំអារក្សត្នោតបានបញ្ជាក់ថាសូមសម្តែងនូវការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព និងការលះបង់របស់កងទ័ព ដែលបានបំពេញភារកិច្ចយ៉ាងអង់អាចក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយើង។
នេះជាលើកទី៩ហើយ ដែលលោករួមជាមួយក្រុមការងារ ប្រជាពលរដ្ឋ និងអាជីវករ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ព ក៏ដូចជាប្រជាពលរដ្ឋដែលបានស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា អំឡុងពេលកន្លងមក។ ក្នុងនាមអាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណដល់ពលរដ្ឋក្នុងឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានជួយឧបត្ថម្ភថវិកាទិញម៉ូតូព្រមទាំងអង្ករគ្រឿងឧបភោគបរិភោគចែកជូនដល់បងៗម្នាក់កងទ័ពព្រមទាំងជនភៀសសឹកកន្លងទៅ ដែលនេះបង្ហាញពីការលើកទឹកចិត្តរបស់អ្នកសមរភូមិក្រោយចំពោះសមរភូមិមុខ។
លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណចំពោះលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ពិសេសឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនអាជីវករ តាមរយៈលោកមេឃុំអារក្សត្នោត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រជាសម្ភារ និងថវិកាដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧។ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី បានថ្លែងបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ បានធ្វើឱ្យកងកម្លាំងយើងខ្ញុំមានភាពកក់ក្តៅ និងកាន់តែមានកម្លាំងចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ពិសេសការពារពីការឈ្លានពានរបស់កងទ័ពថៃ ៕

















ចែករំលែកព័តមាននេះ