ចុងភៅប្រចាំសណ្ឋាគារភ្នំពេញម្នាក់ត្រូវបានជនចរិតអន្ធពាលមួយក្រុមបាញ់ប្រហារស្លាប់យ៉ាងអាណោចអាធម័និងមិត្តភក្តិ៤នាក់ទៀតរងរបួសស្រាលត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីកើតជម្លោះនៅកន្លែងផឹកស៊ីមួយ បើទោះជាក្រុមជនរងគ្រោះព្យាយាមរត់គេចខ្លួនយ៉ាងណាក៏ដោយ ដែលហេតុការណ៍ នេះបានកើតឡើងនៅក្បែរវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៦ សីហា ២០១១ ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយឱ្យដឹងថា មុនដំបូងក្រុមជនរងគ្រោះមានគ្នា៥នាក់ និងក្រុមខ្មាន់កាំភ្លើងមានគ្នា២នាក់បានផឹកស៊ីនៅក្នុងហាងមួយអង្គុយតុផ្សេងគ្នា ហើយក្រុមខ្មាន់កាំភ្លើងខឹងក្រុមជនរងគ្រោះមើលមុខ ក៏កើតការខឹងច្រងេងច្រងាង និយាយឌឺបញ្ឈឺដាក់ក្រុមជនរងក្រោះគួរឱ្យពេបជ្រាយមែនទែន ។ ដឹងថាមិនស្រួល ក្រុមជនរងគ្រោះក៏ប្រញាប់គិតលុយចាកចេញពីហាងជាបន្ទាន់ លុះដើរទៅដល់ផ្លូវលេខ៨៨កែង៧៦ ស្រាប់តែក្រុមខ្មាន់កាំភ្លើងជិះម៉ូតូទៅតាមបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ម្នាក់ និង៤នាក់ទៀតរងរបួសស្រាលរត់ខ្ចាត់ខ្ចាយចែកផ្លូវគ្នាទៅរកកន្លែងព្យាបាលតាមគ្លីនិកឯកជនរៀងៗ ខ្លួន ចំណែកក្រុមជនចរិតអន្ធពាលបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលក្នុងស្បៃរាត្រី ។
សពជនរងគ្រោះឈ្មោះឈិន ម៉ក់ អាយុ២២ឆ្មាំ ត្រូវបានគេពិនិត្យឃើញថា ត្រូវរបួស៣គ្រាប់ គឺ១គ្រាប់ត្រូវក្បែរផ្ចិត និង២គ្រាប់ទៀតត្រូវឆ្អឹងជំនីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី… ពេលនេះប៉ូលិសកំពុងតែស្រាវជ្រាវស្វែងរកមុខឃាតជនយ៉ាងដុតដៃដុតជើង ប៉ុន្តែមិនបានលទ្ធផលថាពួកគេលាក់ខ្លួននៅឯណាទេ៕
ចែករំលែកព័តមាននេះ