ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះទី៧ ចាប់កំណើតហើយ ! តំបន់មាត់សមុទ្រគួរលើកកម្ពស់ការប្រុងប្រយ័ត្ន

2 ខែ មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៧ ឈ្មោះ មេខឡា ហើយ​បើ​ទោះបីជា​កម្ពុជា មិន​ស្ថិត​នៅ​គន្លង​របស់​វា​មែន តែ​ឥទ្ធិពល​វា​មាន​ខ្លះ​ជា​ពិសេស គឺ​នៅ​មាត់សមុទ្រ ។

ប្រភព​ដដែល​បាន​អះអាង​ថា ព្យុះ​នេះ វា​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​ក្នុង​ស្ថានភាព​នេះ ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដល់​៤០​ភាគរយ ។

ប្រភព​ដដែល​បាន​អះអាង​ថា តំបន់​មាត់សមុទ្រ​ដូច​ជា​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​៤០% ខណៈ​ដែល​រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​អាច​ដល់​១,៧៥​ម៉ែត្រ ។ សម្រាប់​តំបន់​វាលទំនាប​ដូច​ជា នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី ៣០% ។ តំបន់​ខ្ពង់រាប​ដូច​ជា​នៅ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ២០%​។

យោង​លើ​ការ​ព្យាករ​ខាងលើ ក្រសួង​បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោ​គ​និង​ផ្លូវទឹក ៕