ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីដំណើរកម្សាន្តលក្ខណៈគ្រួសារទៅជាការដោះស្រាយបញ្ហាជីវភាព ៖ សម្តេចធិបតី សម្រេចរក្សាភាគលាភពិសេសជូនសហគមន៍ចុងឃ្នៀស

3 អាទិត្យ មុន

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា​នេះ​ថា ៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ប្រជុំ​នៅ​សហព័ន្ធ​រុ​ស្សី ខ្ញុំ​បាន​ឆ្លៀតឱកាស​នាំ​គ្រួសារ​ទៅ​ជិះទូក​ទៅ​ទន្លេសាប នៅ​ចុង​ឃ្នៀស ខេត្តសៀមរាប តាម​ការ​សន្យា​ជាមួយ​កូន​ៗ ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​ថា ក្នុង​ដំណើរ​កម្សាន្ត​នោះ ខ្ញុំ​ក៏​បាន​ជួប​ជជែក​លេង​ជាមួយ​បងប្អូន​តំណាង​សមាគម​ន៍ អ្នក​រត់​កាណូត​ទេសចរណ៍​ចុង​ឃ្នៀស ដោយ​បាន​ស្ដាប់​អំពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក៏​ដូច​ជា សំណូមពរ​របស់​ពួក​គាត់ ជា​ពិសេស​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បែងចែក​ភាព​លាភ​នៃ​ចំណូល​ពី​សេវា​ទេសចរណ៍​រវាង​គ្រឹះស្ថាន​អង្គរ និង​សហគមន៍ ។

ជាក់ស្ដែង ស្ថិត​នៅ​ក្នុង​ដំណាក់កាល ដែល​ប្រទេស​យើង​កំពុង​រង​សម្ពាធ​ដោយ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ដែល​ធ្វើ​ឲ្យ​ប្រេងឥន្ធនៈ​ឡើងថ្លៃ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ដំឡើង​ភាគលាភ​សម្រាប់​ផ្តល់​ជូន​ដល់​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុង​ឃ្នៀស ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។

ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​តំណាង​សហគមន៍ និង​ក្រោយ​ពី​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម​អគ្គនាយក​នៃ​គ្រឹះស្ថាន​អង្គរ ខ្ញុំ​បាន​សម្រេច​ឯកភាព​ជា​គោលការណ៍ ឱ្យ​រក្សា​ទុក​កំណើន​ភាគលាភ​នៃ​ចំណូល​ពី​សេវា​ទេសចរណ៍​នៅ​ដដែល​សម្រាប់​ជូន​សហគមន៍ ទោះជា​ទៅ​ថ្ងៃ​មុខ​តម្លៃ​ប្រេងឥន្ធនៈ​ចុះ​វិញ​ក៏​ដោយ ដើម្បី​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ។

ទន្ទឹម​នឹង​ការ​ផ្តល់​ជូន​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា អ្វី​ជា​ការ​ស្នើ​សុំ​របស់ខ្ញុំ គឺ​សូម​សហគមន៍​បន្ត​ការ​សាមគ្គី​រួបរួម​គ្នា ក្នុង​ការ​រៀបចំ និង​ផ្ដល់​សេវា​ល្អ ប្រកបដោយ​តម្លាភាព​ជូន​ភ្ញៀវ​ទេសចរណ៍ ដើម្បី​ធានា​បាន​នូវ​ទំនុកចិត្ត និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​បន្ថែម​ទៀត​មក​ទស្សនា​នៅ​ទីនោះ ៕