ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុង​ទី​ន័​រ បុក​ទ្រូងផ្លូវ​ទៀត​ហើយ នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ

1 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មិនមែន​ជា​រឿង​គ្រោះថ្នាក់​ថ្មី​នោះ​ទេ តែ​ជា​គ្រោះថ្នាក់​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៣ ដើមខែ​មិថុនា​នេះ រថយន្ត​កុង​ទី​ន័​រ បាន​បុក​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ​នេះ​ម្តង​រួច​មក​ហើយ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ​។ លុះ​មក​ដល់​វេលា​ម៉ោង​០៨​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦​នេះ មាន​រថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​ទៀត បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ បាន​បុក​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ​នោះ​ចំ​ពេញទំហឹង បណ្តាល​ឱ្យ​បាក់បែក​ខ្ចាត់ខ្ចាយ​ពេញ​ផ្លូវ រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង ០៨​និង​២៥ នាទី​យប់ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៩-១៨០ ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​ខ្លួនឯង​។ គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​រថយន្ដ ០១​គ្រឿង ម៉ាក SCANIA ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-8669 និង​សណ្តោង​សឺ​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 4A-1017 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ សូត ថា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​សែន ឃុំ​សូ​ទេព ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ច​បាន​បន្ត​ថា លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ខណៈ​អាកាសធាតុ​កំពុង​មាន​ភ្លៀង​ធ្លាក់ រថយន្ត​ក៏​បាន​បុក​ទ្រូងផ្លូវ​តែ​ម្តង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។

បច្ចុប្បន្ន វត្ថុ​តាង (​រថយន្ដ​) ត្រូវ​បាន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចំណែកឯ​អ្នកបើកបរ​រថយន្ដ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ ។

សូម​បញ្ជាក់​ថា នៅ​ចំណុច​រង្វង់​មូល​សួនច្បារ​វាល​រេញ មាន​ទ្រូងផ្លូវ ៣​ជ្រុង (​ផ្លូវជាតិ​លេខ​៤ ពីរ​កន្លែង និង​ផ្លូវជាតិ​លេខ​៣ មួយ​កន្លែង​) ហើយ​ទាំង​៣​កន្លែង​នេះ កន្លង​មក​តែងតែ​ធ្លាប់​កើត​មាន​ករណី​គ្រោះថ្នាក់ រថយន្ត​បុក​ជា​ហូរហែ ទាំង​កម្រិត​ធ្ងន់​និង​ស្រាល​។ នៅ​ចំណុច​ក្បាល​នាគ​ពុះ​ទ្រូងផ្លូវ​ទាំង ៣​កន្លែង​នោះ ខាង​មន្ត្រី​ជំនាញ​បាន​បំពាក់​ភ្លើង​សញ្ញា​សូ​ឡា​ភ្លឹបភ្លែត​ផង​ដែរ ប៉ុន្តែ​ការ​បំពាក់​ភ្លើង​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ឃើញ​ថា មាន​ពន្លឺ​ខ្សោយ​ពេក​។ ដូចនេះ គួរតែ​តម្លើង​ភ្លើង​ឱ្យ​មាន​ពន្លឺ​ខ្លាំង​ជាង​នេះ ទើប​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន ជា​ពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ៕