អតីតចៅអធិការវត្តសង្កែ ដោះស្បង់ចីវរវេចបង្វិចរត់ឡើងឡានគេចខ្លួនបាត់ ក្រោយផ្ទុះរឿងអាស្រូវជាមួយស្រីស្នេហ៍
- ភ្នំពេញ
ខេត្តព្រៃវែង ៖ អតីតចៅអធិការវត្តសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថា កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដោះស្បង់ចីវរវេចបង្វិចរត់ឡើងរថយន្តគេចខ្លួនចេញពីវត្តបាត់ទៅហើយ បន្ទាប់ពីមានការបែកធ្លាយឃ្លីបវីដេអូមួយ ត្រូវបានចែកចាយតៗគ្នា ស្តីពីសកម្មភាពរបស់អតីតចៅអធិការវត្តនោះ បង្ហាញប្រដាប់ភេទ និងសាសងឱ្យស្រីស្នេហ៍មើល ។

ទាក់ទិនរឿងរ៉ាវខាងលើនេះ ត្រូវបានលោក ឆាន សុផា មេឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បញ្ជាក់ថា ចៅអធិការវត្តសង្កែ ពិតជាបានចាកចេញពីវត្តប្រាកដមែន ប៉ុន្តែមិនដឹងទៅទីណាទេ មុនចាកចេញអតីតចៅអធិការវត្តនោះ បានដោះស្បង់ចីវរខ្លួនឯង ហៅថា (សឹកក្បាលដំបូក) ហើយក៏មានរថយន្តមួយគ្រឿងចូលទៅដឹកគេចចេញបាត់ទៅ ។
សូមជម្រាបថា អតីតចៅអធិការវត្តសង្កែរូបនេះ មានឈ្មោះ ណែម វុទ្ធី អាយុជាង៥០ឆ្នាំ មិនជាមនុស្សរស់នៅជើងវត្តសង្កែទេ ហៅថា (មាន់ក្រៅស្រុក) ដែលកន្លងមក ត្រូវបានលោកឧកញ៉ាម្នាក់ និមន្តទៅឲ្យធ្វើចៅអធិការវត្ត ដោយសារវត្តនេះខ្វះខាតព្រះសង្ឃគ្រប់គ្រង ។

នៅពេលលោក ណែម វុទ្ធី ធ្វើចៅអធិការវត្តសង្កែ ក៏មានការរីកចម្រើនគ្រាន់បើដែរ ប៉ុន្តែមួយរយៈក្រោយនេះ មានរឿងរ៉ាវមិនសូវល្អជាច្រើន បានធ្វើឲ្យឧបាសកជើងវត្តអាក់អន់ស្រពន់ចិត្ត ខកចិត្តនូវទង្វើដែលអតីតចៅអធិការវត្តបានប្រព្រឹត្ត តែដោយសារពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក លើចៅអធិការវត្តនោះ ពុទ្ធបរិស័ទនាំគ្នាដេកអោបទុក្ខ រហូតខ្លះលែងចង់ចូលវត្តធ្វើបុណ្យទៀតផង ។
ស្រាប់តែនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មានការបែកធ្លាយឃ្លីបវីដេអូមួយ ដែលបុគ្គលសង្ឃ ណែម វុទ្ធី បានទាក់ទងសារសងស្នេហាជាមួយស្ត្រីម្នាក់ ដោយបញ្ចេញប្រដាប់ភេទបង្ហាញកេរ្តិ៍ខ្មាស់ឲ្យស្រីស្នេហ៍មើល ដែលឃ្លីបវីដេអូរនោះមានរយៈពេល៦ នាទី ហើយត្រូវបានចែកចាយតៗគ្នា ធ្វើឲ្យឧបាសកជើងវត្តមានប្រតិកម្ម ទើបនាំគ្នាផ្តិតមេដាយព្រោងព្រាត ដាក់ជូនទៅអាជ្ញាធរភូមិឃុំ ដើម្បីស្នើសុំបណ្តេញចៅអធិការចេញពីវត្ត ។
ក្រោយពីមានស្នាមមេដៃរបស់ប្រជាពលរដ្ឋរាប់រយនាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ឆាន សុផា មេឃុំស៊ាងឃ្វាង និងមេរងឃុំម្នាក់ ព្រមទាំងមន្ត្រីសមត្ថកិច្ចនគរបាលឃុំ បានចុះទៅដល់វត្តសង្កែ ដើម្បីសួរនាំអតីតចៅអធិការតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលអាជ្ញាធរនិងសមត្ថកិច្ចកំពុងធ្វើការនេះ លោក ណែម វុទ្ធី អតីតចៅអធិការវត្តបានដោះស្បង់ចីវរឡើងជិះរថយន្តគេចខ្លួនបាត់ទៅ ។ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបាននិងកំពុងមានចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ