ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​រុ​ស្ស៊ី ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត ។ ការ​ប្តេជ្ញា នា​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម Vladimir Putin ប្រធានាធិបតី​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​រុ​ស្ស៊ី ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៥ នៃ​ទំនាក់ទំនង​អាស៊ាន​-​រុ​ស្ស៊ី នៅ​ទីក្រុង​កា​ហ្សា​ន សហព័ន្ធ​រុ​ស្ស៊ី ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៧-១៨ ខែមិថុនា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានាធិបតី​រុ​ស្ស៊ី បាន​ថ្លែង​ថា កម្ពុជា គឺជា​មិត្ត និង​ជា​ដៃគូ​យូរអង្វែង ។ ខណៈ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រុ​ស្ស៊ី​-​កម្ពុជា ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​សម្តែង​ការ​ស្វាគមន៍​សកម្មភាព​រួម​នានា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ ។ ព្រម​ជាមួយ​គ្នា​នេះ​ឯកឧត្តម​ប្រធានាធិបតី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​សង្កត់ធ្ងន់​ថា រុ​ស្ស៊ី​នៅ​តែ​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការ​បន្ត​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​រុ​ស្ស៊ី​-​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​៧​ទសវត្សរ៍​កន្លង​មកនេះ កម្ពុជា​តែង​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​រុ​ស្ស៊ី ដោយ​ផ្អែក​លើ​ការ​ជឿ​ទុកចិត្ត​ខាង​នយោបាយ​, ការ​គាំទ្រ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​, និង​ផលប្រយោជន៍​រួម ។

សម្ដេច​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អតីត​សហភាព​សូ​វៀត ដែល​បាន​ផ្ដល់​ជំនួយ​និង​ការ​គាំទ្រ នានា​ដល់​ប្រទេស​កម្ពុជា ក្នុង​គ្រា​លំបាក​របស់​កម្ពុជា ព្រមទាំង​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​រុ​ស្ស៊ី ដែល​បាន​បន្ត​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ។ បន្ថែម​លើ​នេះ សម្ដេច​ធិ​បតី​ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ។

សម្ដេច​ធិ​បតី និង​ឯកឧត្តម​ប្រធានាធិបតី​រុ​ស្ស៊ី ក៏​បាន​ពិភាក្សា​អំពី​ទិស​ដៅ និង​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​នយោបាយ​, ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ថាមពល​, កសិកម្ម​, សន្តិសុខ និង​ការពារ​ជាតិ​, ព្រមទាំង​កា​រត​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ជា​ពិសេស ក្នុង​ក្របខ័ណ្ឌ​ការ​អប់រំ និង​បណ្តុះបណ្តាល​, សុខាភិបាល​, ទេសចរណ៍​, និង​វប្បធម៌ ។

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​ក្នុង​ការ​បន្ត​ផ្លាស់​ប្ដូរ​ទស្សនកិច្ច និង​ការ​ប្រាស្រ័យ​ទាក់ទង​កម្រិត​ខ្ពស់ ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ​, នីតិប្រតិបត្តិ និង​គណបក្ស ។ ក្នុង​ឱកាស​នោះ​ដែរ​, សម្ដេច​ធិ​បតី​ក៏​បាន​ស្នើ​ឱ្យ​ឯកឧត្តម​ប្រធានាធិបតី​រុ​ស្ស៊ី គាំទ្រ​សំណើ​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី (EAEU)៕