ប្រទេសសិង្ហបុរី ៖ ការនាំចេញផលិតផលក្នុងស្រុកដែលមិនមែនប្រេងរបស់ប្រទេសសិង្ហបុរី បានកត់ត្រាការរីកចម្រើនលឿនបំផុត ចាប់តាំងពីឆ្នាំ ២០០៣ មក គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ដោយសារតម្រូវការសកលលោកកើនឡើងយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
បើយោងតាមទិន្នន័យពី Enterprise Singapore ដែលជាក្រុមប្រឹក្សាស្ថិតក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញថា សិង្ហបុរី ដែលជាប្រទេសមានជាងគេលំដាប់ទី២ពិភពលោករបស់ទស្សនារដ្តី The Economist ឆ្នាំ ២០២៥ ដោយគិតតាមផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per Capita) នោះ បានឃើញការនាំចេញផលិតផលក្នុងស្រុកដែលមិនមែនប្រេងរបស់ខ្លួនក្នុងខែឧសភា បានកើនឡើង ៣៨,៤% បើធៀបនឹងឆ្នាំមុន។
ការកើនឡើងនេះ បានបន្តពីការកើនឡើង ២៤,៤% ក្នុងខែមេសាកន្លងទៅ ខណៈដែលតម្រូវការផ្សារភ្ជាប់នឹង AI បានបន្តជំរុញកំណើនពាណិជ្ជកម្មរបស់ប្រទេសតូចជាងនៅអាស៊ីអាគ្នេយ៍មួយនេះ។ លោក Chua Han Teng សេដ្ឋវិទូធនាគារ DBS របស់សិង្ហបុរី បានអះអាងថា តួលេខក្នុងខែឧសភានេះ តំណាងឱ្យការរីកចម្រើនខ្លាំងបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ ២០០៣ មក។
សារព័ត៌មាន The Straits Times បានរាយការណ៍ថា ការនាំចេញគ្រឿងអេឡិចត្រូនិចបាននាំមុខគេក្នុងការកើនឡើងនេះ ដោយហក់ឡើងដល់ ៩៤,៨% ក្នុងខែឧសភា ធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងលឿនជាងមុន ធៀបនឹង ៦៦,៧% ក្នុងខែមេសា។ កំណើននេះ ត្រូវបានជំរុញដោយបន្ទះឈីប (integrated circuits) ផលិតផលឧបករណ៍ផ្ទុកទិន្នន័យ និងកុំព្យូទ័រផ្ទាល់ខ្លួន។
លោក Zavier Wong អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន eToro បានសន្និដ្ឋានថា ដំណើរការដ៏រឹងមាំនេះ គឺដោយសារតែតម្រូវការកើនឡើងពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗរបស់សហរដ្ឋអាមេរិក រួមមាន Microsoft, Alphabet, Meta និង Amazon។ ក្រុមហ៊ុនទាំង៤នេះ បានបង្កើតផែនការចំណាយទុនរួមគ្នាសម្រាប់ឆ្នាំ២០២៦ ទៅដល់ជាង ៧០០ ពាន់លានដុល្លារអាមេរិក កាលពីចុងខែមេសា ដែលកើនឡើង ៧៧% បើធៀបទៅនឹងកម្រិតក្នុងឆ្នាំ២០២៥។ លោកបានបន្តថា ប្រទេសសិង្ហបុរីបានទទួលផលប្រយោជន៍ពីតម្រូវការបច្ចេកវិទ្យាសកលលោកជាយូរមកហើយ ប៉ុន្តែទំហំ និងកំណើននាពេលថ្មីៗនេះ គឺមានភាពខុសប្លែកខ្លាំងជាងពីមុន។
ជាមួយគ្នានោះ ក្រុមអ្នកវិភាគបានរំពឹងថា ការនាំចេញដែលមិនមែនប្រេងរបស់ប្រទេសសិង្ហបុរី នឹងបន្តស្ថិតក្នុងកម្រិតវិជ្ជមាននៅក្នុងរយៈពេលខ្លីខាងមុខ ទោះបីជាកំណើននេះ ទំនងជាមិនអាចរក្សាកម្រិតដូចគ្នាជារៀងរាល់ខែក៏ដោយ៕ ប្រភព ៖ VnExpress


ចែករំលែកព័តមាននេះ