ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកំពង់ចាមបានប្រកាសនាថ្ងៃទី១៨ ខែមិថុនានេះ ។

អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ កាលពីពេលកន្លងទៅនេះ ។

គួរបញ្ជាក់ថា ភ្លាមៗ បន្ទាប់ពីដំណើរសុំកិច្ចអន្តរាគមន៍ពីសំណាក់ក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយម និងបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គជាបន្តបន្ទាប់ទៀត ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) រហូតមកពេលនេះសម្រេច រួចរាល់១០០ភាគរយ។

គួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម ។ ទំហំនៃការខូចខាត រួមមាន ៖ ១. ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ៕







ចែករំលែកព័តមាននេះ