ពន្ធនាគារខេត្តស្ទឹងត្រែង សហការជាមួយមណ្ឌលសុខភាពក្រុង និងអង្គការ AHF ធ្វើតេស្តឈា.ម រកមេរោគអេ.ដស៍ និងស្វាយ លើជនជាប់ឃុំ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ជនជាប់ឃុំដែលទើបចូលថ្មីចំនួន ៤០នាក់ (ក្នុងនោះមានស្ត្រី ៣នាក់) នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានទទួលការពិនិត្យ និងធ្វើតេស្តឈាមស្វែងរកមេរោគអេដស៍ និងជំងឺស្វាយ ដើម្បីគ្រប់គ្រង និងថែទាំសុខភាព។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ។
សកម្មភាពមនុស្សធម៌ និងសុខាភិបាលនេះ ធ្វើឡើងក្រោមការអនុញ្ញាត និងការណែនាំពី លោកឧត្តម អគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។ ក្នុងនោះ លោកវរអគ្គានុរក្សថ្នាក់លេខ២ ម៉ា គឹមសៀង ប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា បានដឹកនាំមន្ត្រីជំនាញ សហការយ៉ាងជិតស្និទ្ធជាមួយ លោក វរអគ្គានុរក្សថ្នាក់លេខ៣ ជា វឌ្ឍនា ប្រធានផ្នែកសុខាភិបាលពន្ធនាគារ។
សកម្មភាពការងារនេះក៏មានការចូលរួមគាំទ្រផ្នែកបច្ចេកទេសពី លោក ឃុន រតនៈ អ្នកផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ នៃមណ្ឌលសុខភាពក្រុងស្ទឹងត្រែង និងលោកស្រីវេជ្ជបណ្ឌិត ហង្ស សុវណ្ណ បុគ្គលិកមូលដ្ឋានសុខាភិបាលនៃអង្គការមូលនិធិថែទាំអ្នកជំងឺអេដស៍ ផងដែរ។
ជាលទ្ធផលនៃការធ្វើតេស្តឈាមលើជនជាប់ឃុំចូលថ្មីទាំង ៤០នាក់នោះ ក្រុមគ្រូពេទ្យជំនាញបានរកឃើញ៖មេរោគអេដស៍ (HIV)៖ចំនួន ០១ករណី (លើជនជាប់ឃុំជាស្ត្រី) .ជំងឺស្វាយ (Syphilis)៖ ចំនួន ០២ករណី (លើជនជាប់ឃុំជាបុរស) ។
ក្រោយទទួលបានលទ្ធផលនេះ ភាគីពាក់ព័ន្ធ និងផ្នែកសុខាភិបាលនៃពន្ធនាគារខេត្ត នឹងបន្តអនុវត្តនីតិវិធីថែទាំ ផ្តល់ប្រឹក្សា និងព្យាបាលទៅតាមស្តង់ដារវេជ្ជសាស្ត្រ ដើម្បីធានាថាជនជាប់ឃុំដែលមានផ្ទុកជំងឺទាំងនេះ ទទួលបានសេវាសុខាភិបាលសមស្រប និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងពន្ធនាគារ៕


ចែករំលែកព័តមាននេះ