ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​បទល្មើស​១​ករណី​នៅទីតាំង​អាជីវកម្ម​លក់​ទូរស័ព្ទ​មួយ​កន្លែង និង​ឃាត់ខ្លួន​ ​៣​នាក់​ ​សង្ស័យ​ត្រៀម​ប្រព្រឹត្ត​បទល្មើស​ឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៨​ខែ មិថុនា​នេះ បាន ឱ្យ​ដឹង ថា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ ម្សិល​ម៉ិ​ញ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ បាន​ធ្វើការ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ តាម​ទីតាំង​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន​៩៨​ទីតាំង រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន​២៨៤​នាក់ (​ស្រី ៨១​នាក់​) និង​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។

លោកស្រី ដោ សម្ផស្ស ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ ក្រុមការងារ​បាន​រក​ឃើញ​បទល្មើស​១​ករណី​នៅ​ទីតាំង​អាជីវកម្ម​លក់​ទូរស័ព្ទ​ឈ្មោះ ឡឹ ចា ឌី​ជី​ថ​ល នៅ​ផ្ទះ​លេខ​២២៥ ផ្លូវ Commercial ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ក្នុង​នោះ​ជនជាតិ ចិន ១​នាក់ និង​ជនជាតិ​ខ្មែរ ២​នាក់ (​ស្រី ១​នាក់​) ព្រមទាំង​សម្ភារ​រួម​មាន​៖ កុំព្យូទ័រ All in one ចំនួន ៦២​គ្រឿង CPU ៩​គ្រឿង ម៉ូនីទ័រ ២៦​គ្រឿង ទូរស័ព្ទ​ដៃ ៦៨២​គ្រឿង Laptop ៥​គ្រឿង​។ ក្រោយ​ការ​ត្រួតពិនិត្យ​របស់​កម្លាំង​ជំនាញ ករណី​នេះ​គឺ​ស្ថិត​ក្រោម​បទ​សង្ស័យ​ត្រៀម​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS)​។ ចំពោះ​សម្ភារ​ខាងលើ ក្រុមការងារ​ពុំ​បាន​ដកហូត​នោះ​ទេ គឺ សម្រេច​បិទ​ឃ្លុំ​ទីតាំង​ជា​បណ្ដោះអាសន្ន ដោយ​រក្សា​នៅ​ក្នុងផ្ទះ​នោះ​តែ​ម្តង​។​ដោយឡែក​ជនសង្ស័យ ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​៕