ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរ​អញ្ជើញ​ទៅ​រុ​ស្ស៊ី​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម មាស សុ​ភ័​ណ្ឌ ប្រធាន​ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​សេចក្តី​សង្ខេប​ព័ត៌មាន អំពី​ដំណើរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​រុ​ស្ស៊ី ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៥ នៃ​ទំនាក់ទំនង​អាស៊ាន​-​រុ​ស្ស៊ី នៅ​ទីក្រុង​កា​ហ្សា​ន សហព័ន្ធ​រុ​ស្ស៊ី របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

នា​ឱកាស​នោះ ឯកឧត្តម មាស សុ​ភ័​ណ្ឌ បាន​បញ្ជាក់​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ភ្លា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) ប្រធានាធិបតី នៃ​សហព័ន្ធ​រុ​ស្ស៊ី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​រុ​ស្ស៊ី ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៣៥ នៃ​ទំនាក់ទំនង​ដៃគូ​កិច្ច​សន្ទនា​អាស៊ាន​-​រុ​ស្ស៊ី ពី​ថ្ងៃ​ទី​១៧-១៨ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ទីក្រុង​កា​ហ្សា​ន សហព័ន្ធ​រុ​ស្ស៊ី ។

ឯកឧត្តម មាស សុ​ភ័​ណ្ឌ បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​នេះ គឺជា​កាលានុវត្តភាព​ដ៏​សំខាន់ ក្នុង​ការ​កំណត់​ទិស​ដៅ​ជំរុញ​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​រុ​ស្ស៊ី ហើយ​ថ្នាក់ដឹកនាំ​ក៏​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​ក្តី​កង្វល់​រួម ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ សម្ដេច​ធិ​បតី​នឹង​ចូលរួម​ព្រឹត្តិការណ៍​អម​ផ្សេង​ៗ ព្រមទាំង​នឹង​មាន​ជំនួប​ទ្វេភាគី​មួយ​ចំនួន ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ក៏​ដូច​ជា​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​ដែល​ផ្តល់​ផលប្រយោជន៍​រួម និង​មាន​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

ឯកឧត្តម មាស សុ​ភ័​ណ្ឌ បាន​បន្ថែម​ថា គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ដែល​អញ្ជើញ​អមដំណើរ​សម្ដេច​ធិ​បតី នា​ឱកាស​នោះ រួម​មាន​៖ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម លោក​ជំទាវ រដ្ឋមន្ត្រី ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ព្រមទាំង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​ឧកញ៉ា​កម្ពុជា ។

ឯកឧត្តម មាស សុ​ភ័​ណ្ឌ បាន​គូសបញ្ជាក់​ថា សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ៕