ឯកឧត្តម ហេង សួរ ៖ ការគាំទ្រ និងជ្រើសរើស TVET គឺផ្តល់តម្លៃឱ្យជំនាញពិតប្រាកដមួយ ដែលជាស្ពានឆ្លងទៅពិភពការងារ សម្រាប់ចាប់យកក្តីស្រមៃរបស់ខ្លួន !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមគាំទ្ររៀនជំនាញនៅក្នុងកម្មវីធី TVET ដើម្បីមានជំនាញមួយយ៉ាងពិតប្រាកដ ក្នុងការចាប់យកក្តីស្រមៃរបស់ខ្លួន ដែលជាស្ពានឆ្លងទៅពិភពការងារដ៏ល្អ សម្រាប់ពួកគេនាពេលអនាគត ។

នៅក្នុងថ្ងៃបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី ៩ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ៖ «យើងនឹងអាចកែច្នៃ TVET ឱ្យប្រែក្លាយទៅជាអ្វីដែលអាចជួយដល់សិស្សនិស្សិតផង ជួយទៅដល់សង្គមផង ជួយទៅដល់សេដ្ឋកិច្ចផង និងជួយទៅដល់ប្រទេសជាតិរបស់យើងផង ។ TVET គឺជាឆ្អឹងខ្នង ហើយជាកន្លែងដែលរុញតម្រូវការ និងការផ្គត់ផ្គង់កំលាំងពលកម្មឱ្យខិតទៅជិតគ្នាលឿនបំផុត ដូច្នេះការរួមគ្នាដើម្បីជំរុញ និងការអភិវឌ្ឍន៍វិស័យ TVET គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋយើង ដែលមានបំណងចង់ឃើញឧស្សាហកម្ម ចង់ឃើញសិប្បកម្ម សេវាកម្មផ្ទៃក្នុងរបស់យើង មានភាពប្រទាក់ក្រឡាគ្នា កាន់តែមានតម្លៃច្រើនឡើង TVET គឺជាមធ្យោបាយនិងជាយានយន្ត ដែលបងប្អូនទាំងអស់គ្នាអាចពឹងអាស្រ័យបាន» ។

បន្ថែមពីនេះ ឯកឧត្តម ហេង សួរ ក៏មិនភ្លេចនូវការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសសារព័ត៌មាន, សិល្បករ-ការី,និងអ្នកផលិតមាតិការក្នុងបណ្តាញសង្គមនានា ដែលជួយផ្សព្វផ្សាយនិងបង្កើតមាតិការអប់រំផ្សេងនៃកម្មវិធីនេះផងដែរ ហើយក៏សង្ឃឹមថាខាងស្ថាប័នទាំងអស់ នឹងជួយជម្រុញការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ យល់ដឹងពីសារៈសំខាន់នៃកម្មវិធី TVET ។

ឯកឧត្តម ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ដូចនេះថា ៖ «TVETនឹងមានតម្លៃ ការចាប់អារម្មណ៍ ហើយនឹងក្លាយទៅជាឧបករណ៍មួយដែលស័ក្តសិទ្ធក្នុងការចូលរួមជួយទៅដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មរបស់យើង តាមរយៈការជឿជាក់និងការចូលរួម យើងនឹងក្លាយទៅជាអ្នកនាំសារ ទៅជាតួរអង្គដែលមានឥទ្ធិពលក្នុងសង្គម ដើម្បីទាញឱ្យគ្រប់គ្នាជ្រើសរើស TVET ឱ្យបានកាន់តែច្រើន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅប្រទេសមានចំណូលខ្ពស់» ។

សូមជម្រាបជូនផងដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី ៩ ឆ្នាំ ២០២៦ មានរយៈពេល ២ថ្ងៃ នៅកោះពេជ្រ ដែលមានការតាំងបង្ហាញស្នាដៃរបស់សិស្សនិស្សិតមកពីសាកលវិទ្យាល័យនានា ដែលបានផលិតនូវឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ដែលមានជាង ២០០ស្តង់ ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីក៏ជាឱកាសសម្រាប់សិស្សនិស្សិត ឬអ្នកចង់រៀនជំនាញពិតប្រាកដមួយ ដើម្បីមកស្វែងយល់ព័ត៌មានបន្ថែម និងដកស្រង់បទពិសោធល្អៗ ពីវាគ្មិនជាតិ-អន្តរជាតិ ផងដែរ ៕






ចែករំលែកព័តមាននេះ