ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដី​ស្រមៃកីឡាករចំបាប់ ហេង វុ​ទ្ធី ​ក្លាយជាពិត​

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ចំបាប់​លេចធ្លោ​របស់​កម្ពុជា ហេង វុ​ទ្ធី បាន​រំឭក​ថា នៅ​ពេល​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ចំបាប់​ដំបូង​កាលពីឆ្នាំ​២០១៤ រូបគេ​គ្រាន់តែ​ចង់​មានឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ ដោយ​មិនសូវ​ផ្ដោត​លើ​ជ័យជម្នះ​ឡើយ ។ អ្វី​ដែល​សំខាន់​សម្រាប់​គេ​នៅ​ពេល​នោះ គឺ​ការ​បាន​ជិះ​យន្តហោះ​ទៅ​ប្រកួត​នៅ​បរទេស ។ ប៉ុន្តែ ក្រោយ​ទទួល​បាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ វា​បាន​ក្លាយជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​រូបគេ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង រហូត​ក្លាយជា​កីឡាករ​ឆ្នើម​មួយ​រូប​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

កីឡាករ​ដែល​ជា​កូន​អ្នក​ខេត្តពោធិ៍សាត់​រូប​នេះបាន​ថ្លែង​ថា​៖«​និយាយ​ទៅ ខ្ញុំ​ចូល​មក​ហាត់​កីឡា​ចំបាប់ គ្រាន់តែ​ចង់បាន​ឱកាស​ជិះ​យន្តហោះ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​បាន​គិត​រឿង​ចាញ់ ឬ​ឈ្នះ​អ្វី​ទេ ធ្វើ​យ៉ាងណា​ឱ្យ​តែ​បាន​ទៅ​ប្រកួត​នៅ​ក្រៅ ។ ប៉ុន្តែ បន្ទាប់​ពី​ខ្ញុំ​ទទួល​បាន​ជ័យជម្នះ ២ ទៅ ៣ ដង ខ្ញុំ​ក៏​ចាប់ផ្ដើម​មាន​ទឹកចិត្ត​ប្រឹងប្រែង​កាន់តែ​ខ្លាំង ដើម្បី​លើកមុខ​មាត់ និង​នាំ​មោទនភាព​ជូន​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​»​។ ក្នុង​អាជីព​កីឡា​ចំបាប់​ជាង ១០​ឆ្នាំ​ប្រកបដោយ​ភាព​ជោគជ័យ​មកនេះ ហេង វុ​ទ្ធី ទទួល​បាន​ផ្លែផ្កា​ជា​ច្រើន​សម្រាប់​ជីវភាព​រស់នៅ ដោយ​មាន​លទ្ធភាព​ទិញ​ម៉ូតូ រថយន្ត ដីធ្លី ផ្ទះសម្បែង ព្រមទាំង​ទទួល​បាន​ក្រប​ខណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​ថែម​ទៀត​។

អ្នក​ចំបាប់​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ ក៏​បាន​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ជំនាន់​ក្រោយនិង​អ្នក​រួម​អាជីព​កីឡា​ទាំងអស់ ឱ្យ​ចេះ​សន្សំ​ប្រាក់ និង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​អ​នាគត ជា​ពិសេស​នៅ​ពេល​ត្រូវ​បញ្ចប់​អាជីព​កីឡា​ដោយ​ប្រការ​ណាមួយ​។
ក្រៅពី​សមិទ្ធផល​ជា​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ហេង វុ​ទ្ធី ក៏​ជា​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​។ ថ្មី​ៗ​នេះ រូបគេ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្លិប​កីឡា​ចំបាប់ផ្ទាល់ខ្លួន​មួយ​នៅ​លើ​ទឹកដី​កំណើត ខេត្តពោធិ៍សាត់ ក្រោម​ឈ្មោះ «​ក្លិប​ចំបាប់​ព្រះ​ធាតុ​» ក្នុង​គោលបំណង​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ធនធាន​កីឡាករ​វ័យក្មេង​ជំនាន់​ក្រោយ​បន្តវេន​៕