រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានចាញ់បោកជនសង្ស័យម្នាក់ ដែលជាម៉ូយហៅជិះ កាលពី៤ឆ្នាំមុន បណ្ដាលឲ្យបាត់បង់ម៉ូតូ ដែលទិញបង់រំលស់ ១គ្រឿង ហើយក៏គ្មានសង្ឃឹមថា អាចរកឃើញវិញនោះទេ។ ស្រាប់តែនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រទះឃើញយុវជនម្នាក់ កំពុងជិះម៉ូតូរបស់ខ្លួននោះ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនោះ បុរសជាម្ចាស់ម៉ូតូខាងលើ ក៏ធ្វើការឃាត់ទាំងមនុស្ស និងម៉ូតូ រួចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរ ទើបដឹងថា យុវជនដែលជាអ្នកជិះម៉ូតូនោះ បានទិញម៉ូតូពីឃ្លាំងលក់ម៉ូតូមួយកន្លែង នៅខេត្តព្រៃវែង និងមានឯកសារត្រឹមត្រូវថែមទៀត ។
បុរសរងគ្រោះ ដែលជាម្ចាស់ដើមទីមួយ ឈ្មោះ ពេជ សារិទ្ធ អាយុ៤៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូរបស់គាត់ ដែលបាត់បង់៤ឆ្នាំមកហើយ ទើបតែរកឃើញវិញ នាពេលនេះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1T-0155 ។
ដោយឡែក យុវជន ដែលកំពុងប្រើប្រាស់ម៉ូតូខាងលើឈ្មោះ ហោ លីជីឡុង អាយុ២១ឆ្នាំ និស្សិតឆ្នាំទី៣ មានទីលំនៅភូមិចេក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងស្នាក់នៅម្ដុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ពេជ សារិទ្ធ បាននិយាយថា គាត់បានបាត់ម៉ូតូរយៈពេល៤ឆ្នាំមកហើយ ដោយកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលគាត់កំពុងអង្គុយលេងនៅម្ដុំជិតប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ក៏មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រមាណ៤៥ឆ្នាំ បានហៅម៉ូតូគាត់ជិះ។ ពេលនោះ ជនសង្ស័យបានឲ្យគាត់ដឹកទៅម្ដុំផ្សារឈូកវ៉ា១ ហើយជននោះ ក៏ចូលទៅក្នុងផ្សារបាត់មួយសន្ទុះ ទើបចេញមកវិញ រួចឲ្យគាត់ដឹកបន្តទៅកាន់ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បុរសនោះ បាននិយាយទៀតថា បន្ទាប់មកជនសង្ស័យ ក៏បានខ្ចីម៉ូតូគាត់ជិះដោយប្រាប់ថា ទៅយកឪពុកមួយភ្លែត រួចក៏យកទៅបាត់រហូតតែម្ដង ហើយគាត់បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍គោកឃ្លាង និងតាមស្វែងរកម៉ូតូនោះដែរ តែរកមិនឃើញសោះ ។ ស្រាប់តែពេលនេះ ឃើញយុវជនខាងលើ កំពុងជិះម៉ូតូរបស់គាត់ ទើបគាត់ឃាត់នាំទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ តែម្ដង រីឯម៉ូតូខាងលើ គាត់បានទិញបង់រំលស់ពីហាងលក់ម៉ូតូមួយ ។
ក្រោយពេលទៅដល់ប៉ុស្តិ៍នគរបាលចោមចៅទី៣ និស្សិតឈ្មោះ ហោ លីជីឡុង ដែលកំពុងកាន់កាប់ម៉ូតូខាងលើ ក៏បានបង្ហាញលិខិតទិញ-លក់ម៉ូតូ ១សន្លឹក និងកាតគ្រី ១សន្លឹក ឲ្យនគរបាលពិនិត្យមើល។ នៅក្នុងលិខិតនោះ ឃើញបុរសម្នាក់ឈ្មោះ ស៊ាន ហោលី ដែលជាឪពុករបស់និស្សិតឈ្មោះ ហោ លីជីឡុង បានទិញម៉ូតូនោះក្នុងតម្លៃ ១,៥២០ដុល្លារ ពីឈ្មោះ ហេង ឈាន ដែលជាម្ចាស់ហាងយីហោ «ហាងលក់ម៉ូតូមួយទឹក ហេង ឈាន ខេត្តព្រៃវែង» ។ មានទីតាំងស្ថិតនៅភូមិលេខ៥ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង រីឯកាលបរិច្ឆេត នៃការទិញលក់គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ចំណែកកាតគ្រី គឺជាឈ្មោះលោក ពេជ សារិទ្ធ ដែលជាម្ចាស់ដើមទីមួយ ។
ក្រោយពីការសាកសួរ អ្នកទាំង២ និងពិនិត្យមើលឯកសារបណ្ដឹងរបស់ជនរងគ្រោះ ពេជ សារិទ្ធ ដែលបានដាក់នៅប៉ុស្តិ៍នគរបាលគោកឃ្លាង និងឯកសាររបស់និស្សិត ហោ លីជីឡុង មួយជំហានរួចមក។ នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានប្រគល់ភាគីទាំងសងខាងទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដែលជាម្ចាស់ករណី ចាត់ការដោះស្រាយ និងស្រាវជ្រាវបន្តទៀត ៕











ចែករំលែកព័តមាននេះ