ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ី​លើក​ទី​៦ និង​កីឡា​ឃី​ក​បុក​ស៊ី​ង លើក​ទី​២ ឆ្នាំ​២០២៦

51 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះការ​ប្រកួត​កីឡា​វូ​វី​ណា​ម​ជើងឯក​អាស៊ី​លើក​ទី​៦​និង​ការ​ប្រកួត​កីឡា​ឃី​ក​បុក​សី​ង​លើក​ទី​២​នា ចុងខែ​វិច្ឆិការ ឆ្នាំ​២០២៦ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ដាំផ្ញើរ​ទៅ​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​មុខមាត់​ប្រទេស​ជាតិ ព្រោះថា វា​ជា​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អាស៊ី​ដែល​មាន​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ចូលរួម​។ ម្យ៉ាងវិញទៀត យើង​ក៏​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​បានដឹង​យ៉ាង​ច្បាស់​ថា​កម្ពុជា ជា​ប្រទេស​មាន​សុខ​សន្តិភាព សុវត្ថិភាព និង​រីក​ចម្រើន​។

ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ បាន​ប្រជុំ​កំណត់​គោល​ការណ៍​ឧបត្ថម្ភជូន​ក្រុម​កីឡាករ​ជម្រើសជាតិ ក្រុម​កីឡាករ​ថ្នាល គ្រូបង្វឹក គ្រូ​ជំនួយ និង​អនុរក្ស ដែល​បាន​ជ្រើសរើស​សម្រាប់​ប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ និង​កំណត់​ប្រាក់​រង្វាន់​ជ័យ​លា​ភី​ជូនកីឡាករ​ជម្រើសជាតិ និង​កីឡាករ​ថ្នាល ដែលបាន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្លូវការនៅ​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ធានា​ការ​ប្រមូលផ្តុំ​ហាត់​ហ្វឹកហ្វឺន​ក្រុម​កីឡាករ​ជម្រើសជាតិ ក្រុមកីឡាករ​ថ្នាល គ្រូបង្វឹក គ្រូ​ជំនួយ និង​អនុរក្សនិង​ការ​ផ្តល់​ប្រាក់​រង្វាន់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួតកីឡា​ជា​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​នៅ​ក្នុង និង
ក្រៅប្រទេស មានគុណ​ភាព តម្លាភាព ប្រសិទ្ធភាពនិង​បង្កើន​គុណ​ផល​កីឡា​។

កីឡាករ​ជម្រើសជាតិ កីឡាករ​ថ្នាល គ្រូបង្វឹកគ្រូ​ជំនួយ និង​អនុរក្ស ដែល​មាន​កម្រិត​បច្ចេកទេស​ខ្ពស់ មាន​វិន័យ​ល្អ សីលធម៌​វិន័យ​ល្អ និងមាន​ឆន្ទៈ​មោះមុត ហើយ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​បច្ចេកទេស​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ដែល​មាន​សមាសភាពមក​ពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ ការ​ប្រកួត​កីឡា​ជាតិ ឬ​ការ​ប្រកួតកីឡា​លី​ក (League) តាម​ប្រភេទ​កីឡា​រួច​មក ។

កីឡាករ​ជម្រើសជាតិ កីឡាករ​ថ្នាល គ្រូបង្វឹកនិង​គ្រូ​ជំនួយ ដែល​បាន​ទទួល​ជ័យ​លា​ភី​ពី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​នៅ​ក្នុង និងក្រៅប្រទេស​គ្រប់​កម្រិត ដែល​ទទួល​បានការអនុញ្ញាត និង​ត្រូវ​បាន​ចាត់តាំង​ស្រប​តាម​និយាម​បច្ចេកទេស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​រយៈ​អង្គភាព​ជំនាញ​តាម​ឋានានុក្រម​។

គួរ​រំលឹក​ថា ការ​ប្រកួត​កីឡា​វូ​វី​ណា​ម និង​កីឡាឃី​ក​បុក​សី​ង​ជ្រើសរើស​ជើងឯក​អាស៊ី​ដែល​កម្ពុជាទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​ស្រប​ទៅ​តាម​ការ​អនុញ្ញាតដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាទៅ​កាន់​ឆាក​អន្តរជាតិ ៕