ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ដំបូង​គេ​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង ក្រោយ​ដឹកនាំ​ប្រកួត​ដំបូង​នៅ World Cup ឆ្នាំ​២០២៦

2 ម៉ោង មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ការ​ចាញ់​ក្នុង​លទ្ធផល ១-៥ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត បណ្តាល​ឱ្យ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទុ​យ​នី​ស៊ី លោក Sabri Lamouchi ត្រូវ​បណ្តេញ​ចេញពី​តំណែង​ភ្លាម​ៗ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​នៅ​ក្នុង​ពូ​ល F ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦​។

តាម​រយៈ​បរាជ័យ​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ សហព័ន្ធ​បាល់ទាត់​ទុ​យ​នី​ស៊ី​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ ហើយ​ជា​លទ្ធផល​បាន​សម្រេចចិត្ត​បញ្ចប់​តួនាទី​លោក Sabri Lamouchi និង​តែងតាំង​ជំនួយការ​គ្រូបង្វឹក លោក Wahbi Khazri គឺជា​គ្រូបង្វឹក​បណ្តោះអាសន្ន រហូត​ដល់​បញ្ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ តែ​ម្តង​។

ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​ស៊ុ​យ​អែ​ត បាន​កត់សម្គាល់​ពី​៤​ប្រកួត​ចុង​ក្រោយ​រប​ស់ទុយ​នី​ស៊ី ដោយ​គ្មាន​ការ​ជ័យជម្នះ​ទាល់តែ​សោះ (​ចាញ់ ៣ និង​ស្មើ ១) ក្រោម​ការ​ដឹកនាំ​របស់​លោក Lamouchi ។ ក្រុម​មក​ពី​ទ្វីបអាហ្វ្រិក​មួយ​នេះ បាន​ស្មើ​កា​ណា​ដា ហើយ​ចាញ់​អូ​ទ្រី​ស និង​ប៊ែ​ល​ហ្សិ​ក នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព មុន​ពេល​ចាញ់​ស៊ុ​យ​អែ​ត​ធ្ងន់​ក​នៅ​ប្រកួត​បើក​ឆាក World Cup ឆ្នាំ ២០២៦ របស់​ពួក​គេ​។ សរុប​មក ទុ​យ​នី​ស៊ី​បាន​រង​បរាជ័យ​ចំនួន​៣​លើក របូត​គ្រាប់​រហូត​ដល់ ១១​គ្រាប់ និង​រកបាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​។

លោក Lamouchi ទើបតែ​ចូល​កាន់​តំណែង​កាលពី​ខែមករា ឆ្នាំ​២០២៦ ប៉ុណ្ណោះ ដោយ​បាន​ដឹកនាំ​ក្រុម​ចំនួន ៥ ប្រកួត និង​ឈ្នះ​តែ ១ លើក​គត់​ក្នុង​ប្រកួត​មិត្តភាព​ជាមួយ​ហៃ​ទី​។ ការ​សម្រេចចិត្ត​បណ្តេញ​គ្រូបង្វឹក​ជនជាតិ​បារាំង​វ័យ​៥៤​ឆ្នាំ​រូប​នេះ​ចេញពី​តំណែង ក៏​ជា​ការ​ផ្លាស់​ប្តូរ​គ្រូបង្វឹក​លើក​ទី​៤​ផង​ដែរ​សម្រាប់​ទុ​យ​នី​ស៊ី ចាប់តាំងពី​ខែមករា ឆ្នាំ​២០២៤​។

បន្ទាប់​ពី​ចាញ់​ស៊ុ​យ​អែ​ត​ហើយ លោក Wahbi Khazri គ្រូបង្វឹក​បណ្តោះអាសន្ន​នឹង​ដឹកនាំ​ទុ​យ​នី​ស៊ី​ប្រកួត​ជាមួយ​ជប៉ុន នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) និង ហូ​ឡង់ នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​។ ដ្ប​តិ​បច្ចុប្បន្ន ពួក​គេ​ស្ថិត​នៅ​បាត​តារាង និង​ដោយ​ជំពាក់​គ្រាប់​បាល់ ៤ ។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ទុ​យ​នី​ស៊ី​បណ្តេញ​គ្រូបង្វឹក​ចេញពី​តំណែង អំឡុង​ពេល​យុទ្ធនាការ World Cup​។ ជាក់ស្តែង កាលពី​ឆ្នាំ​១៩៩៨ គ្រូបង្វឹក​លោក Henryk Kasperczak ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង បន្ទាប់​ពី​ដឹកនាំ​ក្រុម​ចាញ់ ២ ប្រកួត​ក្រោម​ថ្វី​ជើង​អង់គ្លេស និង​កូ​ឡុំ​ប៊ី​៕