អន្តរជាតិ ៖ ស្ទើរតែគ្រប់កីឡាករមកពីប្រទេសនានាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បាននាំគ្នាពាក់ស្បែកជើងពណ៌ផ្កាឈូកស្រស់ឆើតឆាយ ដោយបណ្តាអ្នកជំនាញអះអាងថា ទាំងនោះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាផ្អែកទៅលើចិត្តវិទ្យា និងនិន្នាការទីផ្សារនៃក្រុមហ៊ុនផលិតសម្ភារៈកីឡា។
ចាប់តាំងពីការប្រកួតរបស់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកូរ៉េខាងត្បូង រហូតដល់ការប្រកួតរបស់ប្រេស៊ីល កីឡាករលើទីលានជាច្រើនបានពាក់ស្បែកជើងពណ៌ផ្កាឈូកឆើត។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពដូចគ្នានេះដែរ ក៏ត្រូវបានឃើញជាញឹកញាប់នៅក្នុងសកម្មភាពហ្វឹកហាត់របស់ក្រុមធំៗជាច្រើនដូចជា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងអាហ្សង់ទីន។
យោងតាមសារព័ត៌មាន The Athletic មូលហេតុចម្បង គឺដោយសារតែក្រុមហ៊ុនផលិតសម្ភារៈកីឡាធំៗបានជ្រើសរើសយកពណ៌ផ្កាឈូកស្ទើរតែដូចគ្នា សម្រាប់ម៉ូដស្បែកជើងរបស់ពួកគេ ដែលបានចេញលក់ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ តួយ៉ាង ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកជើង Breakout Pack, ក្រុមហ៊ុន Adidas ក៏បានដាក់លក់ស្បែកជើង Road to Glory, ក្រុមហ៊ុន Puma មាន Showtime និងក្រុមហ៊ុន New Balance បានចេញលក់ Pure Ambition ផងដែរ។ ជាការកត់សម្គាល់ បើទោះបីជាមានឈ្មោះខុសគ្នាក៏ពិតមែន ប៉ុន្តែផលិតផលភាគច្រើនទៅមិនឆ្ងាយពីពណ៌ផ្កាឈូក ផ្កាឈូកក្រម៉ៅ ឬផ្កាឈូកដិតបែកស្វាយឡើយ។
លោក Ben Warren ស្ថាបនិកក្រុមហ៊ុន BW Boots UK ក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងការ៉ាមប៉ុងដល់កីឡាករ World Cup ជាច្រើនរូបជឿជាក់ថា នេះមិនអាចចាត់ទុកថាជារឿងចៃដន្យបានឡើយ។ លោកថា ក្រុមហ៊ុនផ្សេងៗ កំពុងបញ្ចេញស្បែកជើងមានពណ៌ស្ទើរតែដូចគ្នា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពណ៌ស្បែកជើងបាល់ទាត់កាន់តែឆើតឆាយ និងមានភាពរស់រវើកខ្លាំង ប៉ុន្តែ World Cup ឆ្នាំនេះ ខុសពីរាល់ដង ដោយពណ៌ដូចគ្នាត្រូវបានឃើញនៅក្នុងព្រឹត្តិការណ៍តែមួយ។
ងាកទៅ លោក Odinga Nimako សមាជិកជាន់ខ្ពស់នៃក្រុមអភិវឌ្ឍន៍ស្បែកជើងបាល់ទាត់សកលរបស់ក្រុមហ៊ុន Nike បានលើកឡើងថា ក្រុមហ៊ុនទទួលបានតម្រូវការដូចគ្នាពីអតិថិជន និងកីឡាករថា ពណ៌ឆើតឆាយរស់រវើកជួយឱ្យកីឡាករមានអារម្មណ៍ជឿជាក់កាន់តែខ្លាំងនៅពេលពួកគេឈានជើងចូលទៅក្នុងការប្រកួតធំៗ ហើយនៅពេល Nike បានស្រាវជ្រាវពីពណ៌អាចជម្រុញអារម្មណ៍ជឿជាក់នោះ ពណ៌ផ្កាឈូកបានលេចចេញជាជម្រើសកំពូលតែម្តង។ ស្របពេលបច្ចុប្បន្នពណ៌ផ្កាឈូកត្រូវបានទទួលស្គាល់ជាទូទៅ ដោយមិនប្រកាន់អតិថិជនស្រីប្រុសដូចមុនឡើយ។
កត្តាដ៏សំខាន់មួយទៀត គឺការសម្គាល់ឃើញតាមរយៈចក្ខុវិញ្ញាណ។ ជាក់ស្តែង អំឡុងពេលធ្វើតេស្តផលិតផល Nike បានរកឃើញថា គ្មានពណ៌ណាដែលលេចធ្លោនៅលើទីលានស្មៅដូចពណ៌ផ្កាឈូកនោះទេ។ មិនថាមើលពីកន្លែងទស្សនាផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ ឬនៅក្នុងវីដេអូលើបណ្តាញសង្គមនោះទេ ស្បែកជើងពណ៌ផ្កាឈូកអាចទាក់ទាញភ្នែកយ៉ាងងាយស្រួល។
កត្តានេះកាន់តែមានសារៈសំខាន់ខ្លាំងឡើងនៅយុគសម័យដែលកីឡាបាល់ទាត់ត្រូវបានទស្សនាកាន់តែទូលំទូលាយតាមរយៈទូរស័ព្ទដៃ និងវីដេអូខ្លីៗ (Highlights)។ស្បែកជើង១គូដែលប្លែកមើលទៅទាក់ទាញភ្លាមៗ អាចលេចធ្លោខ្លាំងក្នុងរូប និងវីដេអូហាយឡាយ ឬគេហទំព័រល្បីខ្លាំងលើបណ្តាញសង្គម ដែលធ្វើឱ្យអ្នកទស្សនាចង់ស្គាល់ក្រុមហ៊ុនផលិតស្បែកជើងនោះ។
មួយវិញទៀត និន្នាការនេះត្រូវបានពង្រឹងបន្ថែមទៀត ដោយសារតែគ្មានក្រុមណាមួយក្នុងចំណោមក្រុមទាំង ៤៨ ដែលចូលរួម World Cup ឆ្នាំ ២០២៦ ប្រើប្រាស់ពណ៌ផ្កាឈូកជាពណ៌អាវផ្លូវការរបស់ពួកគេឡើយ។ កត្តានេះហើយទើបធ្វើឱ្យស្បែកជើងពណ៌ផ្កាឈូកកាន់តែលេចធ្លោខ្លាំងនៅលើទីលាន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានករណីពិសេស ដោយកីឡាករល្បីៗមួយចំនួន ដែលមិនពាក់ស្បែកពណ៌ផ្កាឈូកនេះទេ ដោយសារតែពួកគេមានស្បែកជើងផ្ទាល់ខ្លួន ដូចជា Lionel Messi ពាក់ពណ៌ស និងខៀវខ្ចី Cristiano Ronaldo ពាក់ពណ៌មាស និង Christian Pulisic ពាក់ពណ៌សមានផ្កាយខៀវ ជាដើម៕



ចែករំលែកព័តមាននេះ