សហរដ្ឋអាមេរិក ៖ រឿងដ៏នឹកស្មានមិនដល់មួយ បានកើតឡើងកក្រើកពិភពលោក កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញបានត្រឹមស្មើដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីជាមួយក្រុមជម្រើសជាតិកាប់វែរ (Cape Verde) ដែលជាក្រុមឈរលេខរៀងទី ៦៤ នៅក្នុងចំណាត់ថ្នាក់ពិភពលោក FIFA នៅក្នុងការប្រកួតពូល H ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នៅកីឡដ្ឋាន Mercedes-Benz Arena នាទឹកដីសហរដ្ឋអាមេរិក។
ថ្វីត្បិតតែមិនមែនជាជ័យជម្នះ ប៉ុន្តែសម្រាប់ក្រុមចំណូលថ្មីកាប់វែរ ដែលបង្ហាញខ្លួនលើកដំបូងបង្អស់នៅក្នុងព្រឹត្តិការណ៍ World Cup នោះ ការស្មើ ០ ទល់នឹង ០ ជាមួយនឹងក្រុមគោជល់អេស្ប៉ាញ ដែលជាក្រុមចំណាត់ថ្នាក់លេខ ២ ពិភពលោក ក៏មិនខុសពីជោគជ័យដ៏អស្ចារ្យនោះឡើយ។
ក្រុមតូចមួយមកពីប្រទេសដីកោះក្នុងតំបន់អាហ្វ្រិកមួយនេះ បានទប់ទល់យ៉ាងស្វិតស្វាញជាមួយអេស្ប៉ាញ ដែលជាក្រុមត្រូវបានគេចាត់ទុកថាមានឱកាសខ្ពស់ជាងគេនៅក្នុងការដណ្តើមជើងឯក World Cup ឆ្នាំ ២០២៦ ដោយបានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យពូល H កាន់តែពិបាកទស្សន៍ទាយជាងពេលណាៗទាំងអស់។ ដ្បិតដើមឡើយ ពូល H ត្រូវបានគេចាត់ទុកថា ពូលងាយសម្រាប់អេស្ប៉ាញឆ្លងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក ស្របពេលដែល អារ៉ាប៊ីសាអូឌីត ក៏បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ជាមួយនឹងអ៊ុយរ៉ូហ្កាយ កាលពីព្រឹកព្រលឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ផងដែរ។
ការប្រកួតបន្ទាប់អេស្ប៉ាញនឹងត្រូវប៉ះអារ៉ាប៊ីសាអូឌីត នៅវេលាម៉ោង ១១ យប់ថ្ងៃទី២១ ខែមិថុនា (ម៉ោងនៅកម្ពុជា)។ ចំណែកកាប់វែរត្រូវតទល់នឹងអ៊ុយរ៉ូហ្កាយ នៅម៉ោង ៥ ព្រឹកថ្ងៃទី២២ ខែមិថុនា។
ក្រឡេកទៅការប្រកួតដ៏ជក់ចិត្ត១គូទៀត បែលហ្ស៊ិកក៏បានត្រឹមខកចិត្តនៅក្នុងពូល G ក្រោយបានត្រឹមស្មើលទ្ធផល ១-១ ជាមួយអេហ្ស៊ីប កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ខណៈដែលអ៊ីរ៉ង់កំពុងធ្វើការប្រកួតជាមួយនូវែលសេឡង់ គ្រោងនឹងបញ្ចប់នៅបន្តិចទៀតនេះ ដើម្បីកំណត់ថា នរណាឈរនៅកំពូលតារាងបណ្តោះអាសន្នពូលនេះ៕





ចែករំលែកព័តមាននេះ