ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រៀបចំ​ចេញ​មុខ​បកស្រាយ ក្រោយ​ផ្ទុះ​ការ​រិះគន់​ដូច​ព្យុះ​ជុំវិញ​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​១៤

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ការ​រិះគន់​ដូចព្យុះ​ពី​អ្នកចូលរួម​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​១៤ នៅ​មុខ​វត្ត​បទុម​វ​តី​ជុំវិញ​ការ​មិន​មាន​មេដាយ​ជ័យលា​ភី និង​វត្ថុ​អនុ​ស្សារី​យ៍​ចែក​ជូន​ដល់​អត្ត​ព​លិ​កគណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​១៤​បាន​ចេញមុខ​បកស្រាយ​តាម​រយៈ​សេចក្ដីជូនដំណឹង​មួយកាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ។

សេចក្ដីជូនដំណឹង​មាន​ខ្លឹមសារ​ថា គណៈកម្ម​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាលម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​១៤​ឆ្នាំ​២០២៦​សូម​ជម្រាបជូនដំណឹង​ដល់​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ឱ្យ​បាន​ជ្រាប​ថា ការ​ដែល​គណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង មិន​ទាន់​បាន​ចែក​ជូនមេដាយ គឺ​ដោយសារ​ភាពយឺត​យ៉ាវ និង​បញ្ហាដឹក​ជញ្ជូន​ដែល​បាន​ពន្យារពេល​ខុស​ពី​ការ​គ្រោងទុក ធ្វើ​ឱ្យ​មានការ​រអាក់រអួល​មិន​អាច​ផ្ដល់​មេដាយ​ជូន​ទាន់​ពេលវេលា​។

ចំពោះ​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នេះ​បណ្ដាលមក​ពី​ការ​កកស្ទះ​ទំនិញ​ដោយសារ​ការ​ត្រួតពិនិត្យ​តឹង​រឹង​តាម​ច្រកព្រំដែន​ខុស​ពី​ប្រក្រតី​ដែល​បណ្ដាលឱ្យ​យឺតយ៉ាវ​ខុស​ពី​ការ​គ្រោងទុក​រយៈពេល​ជាង​មួយ​ខែ​។ ដូច្នេះ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​សង្ឃឹមថា នឹង​ទទួល​បានការ​យោគយល់​ខ្ពស់​ពី​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ​។ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ទទួល​រាល់​មតិយោបល់​ទាំងអស់ និង​ខិតខំ​កែ​លម្អ​ឱ្យ​បាន​រលូន​នា​ពេល​ក្រោយ​ទៀត ។ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​សន្យា​នឹង​ផ្ដល់​ជូន​មេដាយ​ជ័យ​លា​ភី និង​អនុ​ស្សារី​យ៍​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ នៅ​ពេល​ដែល​មេដាយ​មក​ដល់ តាម​ការ​ជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំង​។

ជា​ទូទៅ ការ​រិះគន់​ផ្តោត​លើ​បញ្ហា​មួយ​ចំនួននៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​អ្នកចូលរួម​ជិត ៦០០០ នាក់​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ បើ​តាម​ព័ត៌មាន​បឋម​បង្ហាញ​ថា ព្រឹត្តិការណ៍​នេះ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ទោះបីជា​មានការ​លំបាក​ខ្លះ​ៗ​ដូច​ជា​ការ​គ្រប់គ្រង​ចរាចរណ៍ ឬ​ការរៀបចំ​ផ្លូវ​រត់​មិន​បាន​ល្អ​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ដោយសារ​ចំនួន​អ្នកចូលរួម​ច្រើន​លើស​ពី​ការ​រំពឹង​ទុក
កង្វះខាត​ការ​ចែកចាយ​ទឹក ឬ​គ្រឿង​ឧបភោគបរិភោគ​ជូន​អ្នក​រត់​តាម​គោលដៅ​ជាដើម​។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​នៅ​សួនច្បារ​វត្ត​បទុម​វ​តី ដើម្បី​អបអរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្ដេចម៉ែ​គម្រប់​៩០​ព្រះ​វស្សា​ឈាន​ចូល​៩១​ព្រះ​វស្សា ៕