ក្រុងស្ទឹងត្រែងត្រៀមខ្លួនស្វាគមន៍ «វិថីចម្រុះពណ៌»ខណៈកូនឈើលម្អជាង ១ពាន់ដើម ត្រូវដាំដុះលាតសន្ធឹងតាមដងផ្លូវលេខ ៦៤
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលក្រុងស្ទឹងត្រែង កំពុងប្រែក្លាយកំណាត់ផ្លូវលេខ ៦៤ ឱ្យទៅជាខ្សែក្រវាត់បៃតងដ៏ស្រស់បំព្រង និងពោរពេញដោយសោភ័ណភាពធម្មជាតិតាមរយៈការដាំកូនឈើលម្អចម្រុះពណ៌ជាង ១,០០០ដើម ដើម្បីលើកកម្ពស់បរិស្ថាន និងទាក់ទាញភ្ញៀវទេសចរ។
នៅក្នុងជំហានថ្មីៗនេះ រដ្ឋបាលក្រុងស្ទឹងត្រែង ទើបតែបានទទួលកូនឈើលម្អប្រភេទ «ដើមក្ងោក» ចំនួន ៣៥០ ដើម បន្ថែមទៀតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីយកមកដាំបន្តពីលើដើមជើងគោចំនួន ២០០ដើម ដែលបានដាំរួចរាល់នាពេលកន្លងមក។ សកម្មភាពដាំដុះនេះ ត្រូវបានអនុវត្តចាប់ពីរង្វង់មូលម្នាស់ទឹកឃ្មុំ រហូតដល់រង្វង់មូលព្រះនរាយណ៍ ដែលមានប្រវែងផ្លូវ ៧ គីឡូម៉ែត្រ (សងខាងផ្លូវស្មើនឹង ១៤ គីឡូម៉ែត្រ)។
លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានមានប្រសាសន៍លើកឡើងអំពីអត្ថប្រយោជន៍ និងទស្សនវិស័យវែងឆ្ងាយនៃការបង្កើតគម្របបៃតងនេះថា៖ នៅលើកំណាត់ផ្លូវលេខ ៦៤ នេះ យើងមានផែនការដាំកូនឈើឱ្យបានជាង ១,០០០ ដើម ដោយជ្រើសរើសយកប្រភេទរុក្ខជាតិផ្កាលម្អចំនួន ៣ ប្រភេទ រួមមាន ដើមជើងគោ ដើមឥន្ទនាល និងដើមក្ងោក។ ជារួម យើងរំពឹងថានៅក្នុងរយៈពេល៣ ទៅ ៥ ឆ្នាំខាងមុខ កំណាត់ផ្លូវមួយខ្សែនេះនឹងប្រែមុខមាត់ថ្មី ក្លាយជា “វិថីចម្រុះពណ៌”។
លោកអភិបាលក្រុងបានពន្យល់ដោយក្តីរំភើប និងក្តីសង្ឃឹមទៅលើធម្មជាតិចក្រពណ៌ថា ពាក្យថា «វិថីចម្រុះពណ៌» គឺសំដៅទៅលើការលាយឡំគ្នានៃពណ៌ធម្មជាតិដ៏រស់រវើក ដែលកើតចេញពីការរីកស្គុះស្គាយនៃផ្កាជើងគោ ផ្កាឥន្ទនាល និងផ្កាក្ងោក បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត។ ក្រៅពីការផ្តល់នូវសោភ័ណភាព រុក្ខជាតិទាំងនេះក៏នឹងលូតលាស់ជាស្រមោលមែកធាង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ផងដែរ។
ទាក់ទិននឹងការងារថែទាំ លោក លី មីណា បានបញ្ជាក់ថា រដ្ឋបាលក្រុងបានរៀបចំផែនការច្បាស់លាស់ជាជំហានៗ៖ ក្នុងរដូវវស្សា (រយៈពេល ៦ខែ) យកចិត្តទុកដាក់ថែទាំ កាត់ស្មៅ និងជម្រះវល្លិព្រៃផ្សេងៗ កុំឱ្យរំខានដល់ការលូតលាស់របស់កូនឈើ។ក្នុងរដូវប្រាំង៖ បន្តអនុវត្តផែនការស្រោចស្រពទឹកឱ្យបានដិតដល់ ដើម្បីធានាថាទោះបីជាអាកាសធាតុក្តៅ ក៏កូនឈើនៅតែមានជីវិតរស់រវើក។
ជានិរន្តរភាពនៃគម្រោងពណ៌បៃតងនេះ លោកអភិបាលក្រុងក៏បានផ្ញើសារអំពាវនាវដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅសងខាងដងផ្លូវ៖សូមបងប្អូនជួយថែរក្សា ការពារដើមឈើដែលយើងបានដាំរួច ដើម្បីជាប្រយោជន៍សាធារណៈរបស់ខេត្ត និងក្រុងស្ទឹងត្រែងទាំងមូល។ បើដើមឈើទាំងនោះស្ថិតនៅចំពីមុខផ្ទះរបស់បងប្អូនណា សូមមេត្តាជួយជ្រោមជ្រែងមើលថែទាំ និងការពារបន្ថែម ព្រោះការចូលរួមរបស់បងប្អូន គឺជាគន្លឹះធ្វើឱ្យការរំពឹងទុកនៃវិថីចម្រុះពណ៌របស់យើង ទទួលបានអត្រាជោគជ័យខ្ពស់បំផុត»។
យុទ្ធនាការនេះ មិនត្រឹមតែជាការដាំដើមឈើធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាការដាំដុះក្តីសង្ឃឹម និងការបង្កើតកេរមរតកធម្មជាតិចម្រុះពណ៌សម្រាប់កូនចៅជំនាន់ក្រោយ ក្នុងទឹកដីក្រុងស្ទឹងត្រែងដ៏រមនា៕





ចែករំលែកព័តមាននេះ