សហរដ្ឋអាមេរិក ៖ វីដេអូបង្ហាញអំពីលោក Dick Advocaat គ្រូបង្វឹកក្រុមជម្រើសជាតិគូរ៉ាសៅ (Curaçao) សម្រក់ទឹកភ្នែកអំឡុងការគោរពភ្លេងជាតិ មុនការប្រកួតបើកឆាកតទល់នឹងក្រុមខ្លាំងអាល្លឺម៉ង់ នៅក្នុងពូល E ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា (ម៉ោងនៅកម្ពុជា) កំពុងអង្រួនបេះដូងអ្នកគាំទ្រនៅជុំវិញពិភពលោកយ៉ាងខ្លាំង។
គ្រូបង្វឹកជនជាតិហូឡង់វ័យ៧៨ឆ្នាំ និង ២៨០ថ្ងៃរូបនេះ បានបង្ហាញអារម្មណ៍ដ៏រំភើបឥតគណនាបានរបស់លោក នៅពេលបានឃើញវត្តមានជាលើកដំបូងបង្អស់របស់ក្រុមគូរ៉ាសៅ នៅក្នុងព្រឹត្តិការណ៍ World Cup។ ដ្បិតប្រទេសដែនកោះក្នុងតំបន់ការីបៀនមួយនេះ ដែលមានប្រជាជនត្រឹមប្រមាណ ១៥៥,០០០នាក់ប៉ុណ្ណោះ បានសរសេររឿងព្រេងដ៏អស្ចារ្យមួយ ដោយដណ្តើមបានកៅអីមកកាន់ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតលើពិភពលោក។
តាមរយៈការដឹកនាំក្រុមជម្រើសជាតិគូរ៉ាសៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ លោក Advocaat បានក្លាយជាគ្រូបង្វឹកវ័យចាស់ជាងគេបំផុត ដែលបានដឹកនាំក្រុមនៅក្នុងប្រវត្តិសាស្ត្រការប្រកួតនេះ ហើយក៏ជាការបង្ហាញខ្លួនលើកទី ៣ របស់លោកនៅក្នុងព្រឹត្តិការណ៍ World Cup ផងដែរ បន្ទាប់ពីធ្លាប់បានដឹកនាំក្រុមហូឡង់ក្នុងឆ្នាំ ១៩៩៤ និងកូរ៉េខាងត្បូងឆ្នាំ ២០០៦។
ទឹកភ្នែកគ្រូបង្វឹកជើងចាស់រូបនេះ រឹតតែមានអត្ថន័យថែមទៀត នៅពេលដឹងថា លោកស្ទើរតែខកខានព្រឹត្តិការណ៍នេះទៅហើយ។ តួយ៉ាង កាលពីខែកុម្ភៈកន្លងទៅ លោកបានសម្រេចចិត្តលាលែងពីតំណែង ដើម្បីចំណាយពេលមើលថែកូនស្រី ដែលកំពុងជួបបញ្ហាសុខភាព។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលស្ថានភាពជំងឺកូនស្រីលោកបានធូរស្រាល លោកក៏បានត្រឡប់មកដឹកនាំក្រុមវិញ កាលពីថ្ងៃទី១១ ខែឧសភា។
មុនការប្រកួតជាមួយអាល្លឺម៉ង់ លោក Advocaat បានអះអាងថា កីឡាកររបស់លោកគ្មានការភ័យខ្លាចចំពោះគូប្រកួតដែលខ្លាំងជាងខ្លួនឆ្ងាយនោះទេ។ លោកបានថ្លែងដូច្នេះថា «យើងជាប្រទេសតូចមួយ ប៉ុន្តែយើងនឹងធ្វើឱ្យអាល្លឺម៉ង់ជួបការលំបាក។ គូរ៉ាសៅគ្មានអ្វីត្រូវខាតបង់ឡើយ ហើយមានសមត្ថភាពពេញលេញក្នុងការបង្កើតភាពភ្ញាក់ផ្អើល»។
យ៉ាងណាមិញ ភាពខុសគ្នានៃកម្រិតលេងរវាងក្រុមទាំងពីរត្រូវបានបង្ហាញយ៉ាងច្បាស់នៅលើទីលាន។ ជាលទ្ធផល ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់បានបំបាក់គូរ៉ាសៅដោយលទ្ធផល ៧ ទល់នឹង ១ ឯណោះ។ ទោះជាយ៉ាងណា គូរ៉ាសៅនៅតែបន្សល់ទុកការចងចាំ ជាមួយនឹងគ្រាប់បាល់ជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup ដែលសម្រេចបានដោយកីឡាករ Livano Comenencia ៕




ចែករំលែកព័តមាននេះ