ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​មក​បង្គ្រប់កិច្ច​! ក្រុម​តំណាង​អាស៊ី​បង្ហាញ​ឥទ្ធិពល និង​ភាព​ខ្លាំង​នៅ World Cup ឆ្នាំ ២០២៦

4 ម៉ោង មុន

អន្តរជាតិ ៖ ក្រុម​តំណាង​អាស៊ី​កំពុង​ធ្វើ​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ តាម​រយៈ​ការ​មិន​ទាន់​ចាញ់ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង អូស្ត្រាលី (​សមាជិក​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី​) និង​កា​តា ជប៉ុន គឺជា​ក្រុម​តំណាង​អាស៊ី​បន្ទាប់​ដែល​ដណ្តើម​បាន​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក World Cup 2026 របស់​ពួក​គេ World Cup ឆ្នាំ ២០២៦​។

ក្រុម​រហស្សនាម​សា​មូ​រ៉ៃ​ខៀវ ក្រោម​ការ​ដឹកនាំ​របស់​លោក Hajime Moriyasu បាន​បន្ត​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​វាយបក​តាម​ស្មើ​លទ្ធផល ២-២ ជាមួយ​ហូ​ឡង់ និង​លេង​ក្នុង​កម្រិត​ខ្ពស់​មួយ​ទល់​នឹង​ក្រុម​ខ្លាំង​ពី​អឺរ៉ុប​មួយ​នេះ បើ​ទោះបីជា​ជប៉ុន​អវត្តមាន​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន​ដោយសារ​របួស​យ៉ាងណា​ក៏​ដោយ​។

ការ​ប្រកួត​បើក​ឆាក​ពូ​ល F កាលពី​វេលា​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ឯ​កីឡដ្ឋាន AT&T សហរដ្ឋអាមេរិក ក្រុម​មច្ចុរាជ​ពណ៌​ទឹកក្រូច​ហូ​ឡង់​មក​ជាមួយ​ទំនុកចិត្ត​ខ្ពស់ ស្ដែង​ឱ្យ​ឃើញ​តាម​រយៈ​ប្រពៃណី​នៃ​ការ​ចាប់ផ្ដើម​ដ៏​ខ្លាំងក្លា​របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​។ ក្រុម​របស់​លោក Ronald Koeman បាន​បង្កើត​សម្ពាធ​យ៉ាង​ខ្លាំង​លើ​គូប្រកួត រហូត​សម្រេច​បាន​គ្រាប់​បាល់​នាំមុខ​នៅ​នាទី ៥០ ដោយ​ប្រធាន​ក្រុម Virgil van Dijk ។

ជប៉ុន​ក្រោយ​ត្រូវ​គូប្រកួត​នាំមុខ​មុន​ដូច្នេះ ក៏​បាន​ព្យាយាម​បើក​ការ​សម្រុក​តបត​វិញ រហូត​សម្រេច​គ្រាប់​តាម​ស្មើ នៅ​៦​នាទី​ក្រោយ ដោយ​កីឡាករ Keito Nakamura​។ លទ្ធផល​នេះ មិន​អាច​ឱ្យ​ជប៉ុន​ធូរស្រាល​ចិត្ត​ឡើយ ប៉ុន្តែ​បន្ថែម​កម្តៅ​សម្រាប់​ហូ​ឡង់​បន្ត​បង្កើន​សម្ពាធ​បន្ថែម​ទៀត រហូត​ដល់​រកបាន​គ្រាប់​នាំមុខ​សា​ជា​ថ្មី ដោយ​កីឡាករ Crysencio Summerville នៅ​នាទី ៦៤​។

ហូ​ឡង់​ស្ទើរតែ​ជា​ម្ចាស់​៣​ពិន្ទុ​នៃ​ការ​ប្រកួត​នេះ​ទៅ​ហើយ ប៉ុន្តែ​ប្រែជា​ជប៉ុន​មិន​បោះបង់​ការ​តស៊ូ​របស់​ខ្លួន ដោយ​ក្នុង​ពេល​ជាមួយ​គ្នា​ពួក​គេ​ព្យាយាម​ទប់ទល់​នឹង​វាយបក​វិញ ហើយ​មុន​ឈាន​ចូល​ដល់​ម៉ោង​បន្ថែម ឱកាស​មាស​ក៏​បាន​កើតឡើង ដោយ​កីឡាករ Koki Ogawa បាន​តែ​តបាល់​បញ្ចូល​ទី​ពី​ការ​ទាត់​ជ្រុង​របស់ Junya Ito ដោយ​បាល់​នោះ​បាន​ប្លាត​ទៅ​ចំ​ក្បាល​មិត្ត​រួម​ក្រុម Daichi Kamada ហើយ​ហោះ​ចូល​សំណាញ់​ទី ដែល​ជួយ​រក្សា​បាន​លទ្ធផល​ស្មើ ២-២ ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ក្រុម​តំណាង​ទ្វីបអាស៊ី​មួយ​នេះ​។

លទ្ធផល​ការ​ប្រកួត​បើក​ឆាក World Cup របស់​ក្រុម​តំណាង​ទ្វីបអាស៊ី ៖
-​កូរ៉េ​ខាងត្បូង ២-១ សាធារណរដ្ឋ​ឆែក (​ពូ​ល A) កាលពី​ថ្ងៃ​ទី​១២ មិថុនា
-​កា​តា ១-១ ស្វី​ស (​ពូ​ល B) កាលពី​ថ្ងៃ​ទី​១៤ មិថុនា
-​អូស្ត្រាលី ២-០ តួ​ក​គី​យ៉េ (​ពូ​ល D) កាលពី​ថ្ងៃ​ទី​១៤ មិថុនា
-​ហូ​ឡង់ ២-២ ជប៉ុន (​ពូ​ល F) ថ្ងៃ​ទី​១៥ មិថុនា ៕