ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង ជម្រុញ​យុទ្ធនាការ​ចុះ​ឈ្មោះអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធតាម​ថ្នាល​ឌី​ជី​ថ​ល ដើម្បី​ពង្រីក​ការ​គាំពារ​សង្គម

2 ម៉ោង មុន

ខេត្តស្ទឹងត្រែង ​៖ ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦​នេះ រដ្ឋបាលខេត្តស្ទឹងត្រែង ​បាន​និង​កំពុង​សហការ​យ៉ាង​សកម្ម​ជាមួយ​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​គ​.​ស​.​អ​.​ស​.​ក​) ដើម្បី​ជម្រុញ​ការ​ផ្សព្វផ្សាយ និង​ចុះ​ឈ្មោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ប្រកប​របរ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យ​ចូល​មក​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថ​ល ​ជា​ផ្លូវការ សំដៅ​ធានា​ឱ្យ​យុទ្ធនាការ​ជាតិ​មួយ​នេះ​ សម្រេច​បាន​ជោគជ័យ​តាម​ផែនការ​ ។

នៅ​ក្នុង​កិច្ចប្រជុំ ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ នៅ​សាលា​ខេត្តស្ទឹងត្រែង លោក ព្រំ វណ្ណៈ អភិបាលរង​ខេត្តស្ទឹងត្រែង បាន​មាន​ប្រសាសន៍​ថា ដើម្បី​ធានា​ឱ្យ​ការ​ចុះ​ឈ្មោះ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសិទ្ធភាព និង​ត្រឹមត្រូវអាជ្ញាធរ​ខេត្ត​បាន​ចុះ​ផ្សព្វផ្សាយ ដោ
យផ្ទាល់​ដល់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ និង​ស្រុក​នានា អំពី​ការ​ចុះ​ឈ្មោះ​តាម​ថ្នាល​ឌី​ជី​ថ​ល​។ ជា​លទ្ធផល ប​ច្ចុប្បន្ន រដ្ឋបាល​ខេត្ត​សម្រេច​បានការ​ចុះបញ្ជី​សហគ្រាស​តាម​ប្រព័ន្ធ LACMS បាន​ចំនួន ៤៥ សហគ្រាស រួចរាល់ ខណៈ​សហគ្រាស​ចំនួន ១០១ ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​ជម្រុញ​ឱ្យ​ចុះ​ឈ្មោះ​ជា​បន្តបន្ទាប់​ ។

យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង និង​គោលដៅ​សំខាន់​ៗ​រួម​មាន​៖​ការ​គ្រប់គ្រង​ប្រមូលផ្តុំ​ទិន្នន័យ​អ្នក​ប្រកបរបរ​ក្រៅ​ប្រព័ន្ធ (​ដូច​ជា អាជីវករ​លក់ដូរ​តូចតាច អ្នក​រត់​ម៉ូតូឌុប កង់​បី កម្មករ​សំណង់ និង​អ្នក​ស្វ័​យ​និ​យោ​ជន៍​ផ្សេង​ទៀត​) មក​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ជាតិ​រួម​មួយ​។ ​ជួយ​ឱ្យ​រាជរដ្ឋាភិបាល ​មាន​មូលដ្ឋាន​ទិន្នន័យ​ពិតប្រាកដ ក្នុង​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​ផ្តល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​នានា​ បាន​ចំ​ក្រុម​គោលដៅ និង​ទាន់​ពេលវេលា​ ។

អត្ថប្រយោជន៍​ដ៏​ធំធេង​សម្រាប់​អ្នក​ចុះបញ្ជី​ការ​ស្ម័គ្រចិត្ត​ចូលរួម​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​បងប្អូន​ប្រកប​របរ​សេ​ដ្ឋ៊​កិច្ច​ក្រៅ​ប្រព័ន្ធ រួម​មាន​ ៖ ​ទទួល​បានការ​គាំពារ​សង្គម ឱកាស​ទទួល​បាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (​ប័ណ្ណ ម​.​ស​.​ស​) សម្រាប់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​មន្ទីរពេទ្យ​រដ្ឋ​។ ទទួល​បាន​សិទ្ធិ​អាទិ​ភាព​​ក្នុង​ការ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព​របរ​រកស៊ី​។ ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ប្រភព​ទុន ឬ​កម្ចី​ខ្នាត​តូច​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ពី​ស្ថាប័នហិរញ្ញវត្ថុ​រដ្ឋ ដើម្បី​ពង្រីក​អាជីវកម្ម​ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ម៉ាត់ សារី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ នៃគ​.​ស​.​អ​.​ស​.​ក បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​កម្មវិធី​នេះ​បាន​យ៉ាង​ឆាប់រហ័ស​ ។ លោក​ក៏​បាន
ជម្រុញ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ពង្រឹង​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​នេះ​ បាន​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​កាន់តែ​ទូលំទូលាយ និង​ធានា​ថា​មិន​មាន​បងប្អូន​ណា​ម្នាក់​បាត់បង់​ឱកាស និង​អត្ថប្រយោជន៍​ពី​គម្រោង​ផែនការ​ជាតិ​មួយ​នេះ​ឡើយ​ ៕