កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ក្រុមក្មេងទំនើង០១ក្រុម មានគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿង កាន់កាំបិតនិងដាវ នៅក្នុងដៃជិះដើររកគូជម្លោះ តែត្រូវប្រជាពលរដ្ឋរាយការណ៍ឲ្យចាប់ខ្លួន ។

បើតាមមន្ត្រីនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័របានទទួលព័ត៌មានថា នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានក្មេងទំនើងចំនួន ០៤នាក់ ជិះម៉ូតូ០២គ្រឿង ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ និងដាវកែច្នៃ។

ក្រោយពីទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ
នគរបាលខេត្ត បានចាត់តាំង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ ស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ប្រុស រួមមាន៖

១-ឈ្មោះ ម៉ែន រស្មី ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ឆាយ រតន:មន្នីឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ រាម សុផា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។
៤-ឈ្មោះ ម៉ប វី ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។ក្មេងទំនើងទាំង០៤នាក់ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ព្រមទាំងបានដកហូតវត្ថុតាង រួមមាន កាំបិតផ្គាក់ ០១ដើម ដាវកែច្នៃ ០២ដើម និងម៉ូតូ ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាជិះម៉ូតូ ០២គ្រឿង ដោយក្នុងដៃមានកាន់កាំបិត និងដាវ ក្នុងគោលបំណង់ទៅវាយ ជនម្នាក់ទៀត ប្រាកដមែន។ មូលហេតុ: មានទំនាស់ពាក្យសម្តីនិងគ្នា ។

បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរួចមក ក្រុមក្មេងទំនើងទាំង០៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ