ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្ទុះ​កំហឹង​នឹង​អាមេរិកដែល​ហាម​ឃាត់​ក្រុម​ហ៊ុន​យក្ស​របស់​ខ្លួន​មិន​ឱ្យ​មាន​ឱកាស​ចូល​រួម​ដេញ​ថ្លៃ​លទ្ធ​កម្ម

4 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​បន្តិច​ណា​សោះ​ចំពោះ​មន្ទីរ​បញ្ចកោណ (ក្រសួង​ការ​ពារ​ជាតិ​អាមេរិក) ដែល​ទើប​តែ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​របស់​ខ្លួន​​ (ចិន)​។ ការ​បង្ហាញ​អារម្មណ៍​អាក់​អន់​ស្រពន់​ចិត្ត​នេះ​​កើត​មាន​ឡើង​បន្ទាប់​ពី​អាមេរិក​​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​​នូវ​ក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ជួយ​ទំនុក​បម្រុង​វិស័​យ​យោធា​របស់​ចិន​។ នេះ​បើ​យោង​តាម​សេច​ក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​។ មិន​ត្រឹម​តែ​ក្រសួង​ពាណិជ្ជ​កម្ម​ទេ​ ចិន​ថ្ងៃ​នេះ​ហាក់​ដូច​ជា​ព្រួត​គ្នា​បញ្ចេញ​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ក្លា។ ក្រសួង​ការ​បរ​ទេស​ចិន​ក៏​សម្ដែង​ការ​ខ្វាយ​ខ្វល់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ផង​ដែរ​។

ប្រភព​ខ្លះថា​នៅ​ក្នុង​បញ្ជី​នោះ​ក៏​មាន​ឈ្មោះ​ក្រុម​ហ៊ុន​កំពូល​ៗ​របស់​ចិន​ដូច​ជា​អាលី​បាបា (Alibaba), ប៉ៃ​ទូ (Baidu), ​BYD និង ​NIO ដែរ​​។ ក្រោយ​មក អាមេរិក​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​ខ្មៅ​នូវ​ក្រុម​ហ៊ុន​ផលិត​​បន្ទះ​សូឡា​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​គឺ​ Trina Solar និង​ JA Solar Technology។ បញ្ជី​នោះ​បូក​បញ្ចូល​នូវ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​កំពូល​ៗ​របស់​ប្រទេស​ចិន​។ ទង្វើ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​អា​មេ​រិក​ខ្វាយ​ខ្វល់​អំពី​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​នៅ​ពេល​ប្រទេស​ទាំង​២​កំពុង​ប្រកួត​ប្រជែង​គ្នា​ខាង​ភូមិ​សាស្ត្រ​នយោ​បាយ​យ៉ាង​ស្វិត​ស្វាញ​​ដើម្បី​ដណ្ដើម​ទី​តាំង​ឈរ​ជើង​។

ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ថ្លែង​ថា​ចិន​អាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​ក៏​ប្រឆាំង​ជំទាស់​យ៉ាង​ដាច់​អហង្ការ​ផង​ដែរ​ទៅ​នឹង​ចំណាត់​ការ​នេះ​។ ប្រទេស​ចិន​សូម​ជំរុញ​ឱ្យ​អាមេរិក​ទី​មួយ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចាត់​វិធាន​ការ​ដ៏​ឆ្គាំ​ឆ្គង​ ទី​ពីរ​ដក់​ចេញ​​វិញ​នូវ​វិធាន​ការ​ដែល​ខ្លួន​ទើប​តែ​​បាន​ដាក់​ចេញ​ និង​ទី​បី​វិល​ត្រឡប់​ទៅ​រក​មាគ៌ា​ត្រឹម​ត្រូវ​ឡើង​វិញ​ដើម្បី​រក្សា​ទំនាក់​ទំនង​ចិន-​អាមេរិក​ដែល​ប្រកប​ដោយ​ការ​ស្ថាបនា​ជា​យុទ្ធ​សាស្ត្រ​ និង​ស្ថិរ​ភាព​។ ប្រសិនបើ​អាមេរិក​នៅ​តែ​​ប្រព្រឹត្ត​ដាក់​ក្រុម​ហ៊ុន​របស់​ចិន​ដោយ​មិន​​ស្មើ​ភាព​ទេ ចិន​​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ខ្លាំង​ក្លា​បំផុត​។

​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​របស់​មន្ទីរ​បញ្ច​កោណ​កើត​មាន​ឡើង​មួយ​​ខែ​បន្ទាប់​ពី​លោក​ដូណាល់​ត្រាំ​ និង​លោក​ស៊ី​ជីន​ពីង​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉េកាំង​ និង​រក្សា​ទុក​ដដែល​នូវ​យុទ្ធ​សន្តិ​ភាព​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​។ ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ថ្លែង​ថា​វិធាន​ការ​របស់​មន្ទីរ​បញ្ច​កោណ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ព្រម​ព្រៀង​ជា​សហ​មតិ​កុង​សង់​ស៊ីស (consensus) ដែល​ថ្នាក់​ដឹក​នាំ​ទាំង​២​បាន​​ឯក​ភាព​គ្នា​រួច​ហើយ​​។ យោង​តាម​​ច្បាប់​របស់​អាមេរិក​ ក្រសួង​ការ​ពារ​ជាតិ​​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​កុង​ត្រា​លទ្ធ​កម្ម​ដេញ​ថ្លៃ​ដោយ​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​ទេ ហើយ​ក៏​មិន​អាច​​ទិញ​ផលិត​ផល ឬ​សេវា​កម្ម​តាម​រយៈ​ភាគី​ទី​បី​ដែល​ជា​អន្តរការី​នោះ​ឡើយដោយ​​ចាប់​អនុ​វត្ត​ពី​ឆ្នាំ​២០២៧​ត​ទៅ​​៕ ប្រភព៖ Channel News Asia