ទីក្រុងហាណូយ៖ អាជ្ញាធរនៅប្រទេសវៀតណាមភាគខាងជើងទើបតែបំបែកសំណុំរឿងជនជាតិបរទេសមួយក្រុម ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ ដែលមានផែនការបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញ (ស្កេម) នៅក្នុងប្រទេសនេះ។ ជនសង្ស័យសំខាន់ៗត្រូវបានចាប់ខ្លួនទាន់ពេលវេលាមុនពេលពួកគេបើកដំណើរការអំពើឧក្រិដ្ឋរបស់ខ្លួន។ ក្រុមនេះភាគច្រើនជាជនជាតិចិនដែលរត់គេចខ្លួនពីប្រទេសកម្ពុជាទៅសម្ងំលាក់ខ្លួននៅវៀតណាម។

ពួកគេជួលអគារមានច្រើនជាន់នៅខេត្តហ្វ៊ូថឺ (Phu Tho) និងដំឡើងគ្រឿងបរិក្ខារអេឡិចត្រូនិចដើម្បីបើកប្រតិបត្តិការឆបោក។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ច។ ក្រុមនេះបង្ហាញសញ្ញាថាពួកគេជាប់ពាក់ព័ន្ធនៅក្នុងអំពើឆបោកឆ្លងដែនដែលប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់។ ពួកគេមានគម្រោងយកទឹកដីវៀតណាមធ្វើជាទីតាំងប្រតិបត្តិការរយៈពេលវែងរបស់ខ្លួន។ ទីភ្នាក់ងារស៊ើបអង្កេតប្រចាំខេត្តខាងលើនេះបានចេញបញ្ជាឱ្យចាប់ខ្លួនអ្នកទាំងនោះជាបន្ទាន់ និងក៏ចាប់ខ្លួនផងដែរនូវជនជាតិវៀតណាមបីនាក់។

លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាជនសង្ស័យទាំងនោះមានជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកនៅកម្ពុជា។ ភាគច្រើននៃអ្នកទាំងនោះធ្លាប់ធ្វើការនៅក្នុងក្រុមប្រតិបត្តិការឆបោកដែលមានខ្សែបណ្ដាញលំដាប់ខ្ពស់។ ក្រុមនេះរ៉ាប់រងធ្វើកិច្ចការមួយកំផ្លេចាប់តាំងពីការដើរទាក់ទងមនុស្សដែលអាចនឹងក្លាយជាជនរងគ្រោះធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ រហូតដល់ការបបួលដាក់ប្រាក់វិនិយោគជាមួយគ្នា និងបង្រៀនអំពីរបៀបផ្ទេរសាច់ប្រាក់ និងចាត់ចែងទង្វើខុសច្បាប់ដទៃទៀត។

អាជ្ញាធរនិយាយថាក្រុមនេះចាប់ផ្ដើមរំកិលខ្លួនទៅរកទ្រនំថ្មីបន្ទាប់ពីសមត្ថកិច្ចនៅស្រុកខ្មែរចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើទីតាំងឆបោកអនឡាញស្កេម។ ពួកគេជ្រើសរើសយកវៀតណាមជាទីតាំងប្រព្រឹត្តអំពើឧក្រិដ្ឋនេះព្រោះវៀតណាមសម្បូរតំបន់រមណីយដ្ឋានដាច់ស្រយាលយ៉ាងច្រើនសម្បូរបែប សម្បូរផ្ទះវីឡា និងតំបន់ដែលនៅដាច់ឆ្ងាយពីផ្ទះប្រជាជន។ ហេតុនេះបង្កលក្ខណៈងាយស្រួលសម្រាប់ការប្រមូលផ្ដុំគ្នាពពាក់ពពូននូវជនជាតិបរទេស និងងាយស្រួលដំឡើងឧបករណ៍សម្រាប់ធ្វើសកម្មភាពឆបោកអនឡាញ។ ប៉ុន្តែផែនការរបស់គេត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក និងក្រមួនត្រូវថ្ងៃដូច្នោះដែរ៕
ចែករំលែកព័តមាននេះ