ចិនបើកឡានលឿនដូចហោះ រេចង្កូតទៅបុ.កម៉ូតូ បណ្តាលឱ្យយុវជនម្នាក់ផ្លោងខ្ទាតធ្លា.ក់ក្នុងប្រឡាយស្លា.ប់
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រថយន្តទំនើបពណ៌.ស១គ្រឿង បើកបរដោយជនជាតិចិនក្នុងល្បឿនលឿនដូចហោះ ពីកើតទៅលិច លុះដល់ផ្លូវកោងមិនប្រយ័ត្នបន្ថយល្បឿនក៏រេចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យយុវជនម្នាក់ផ្លោងខ្ទាតចេញពីម៉ូតូធ្លាក់ទៅក្នុងប្រឡាយអត់ទឹកស្លាប់នៅនឹងកន្លែងតែម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៩៧ និង៩៨ នៅមុខខ្លោងទ្វារវត្តអូររអិល ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា យុវជនរងគ្រោះ ឈ្មោះ ហួត ថាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជិះម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AU 3643 រងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ចំណែកជនបង្ក ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ដោយបើកបររថយន្តទំនើបពណ៌ស ពាក់ស្លាកលេខ កម្ពុជា 9899.369 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចព្រួញ ស្រាប់តែដល់កន្លែងកើតហេតុជាផ្លូវកោង ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿង ដែលបើកបរដោយយុវជនម្នាក់ពេញទំហឹងលាន់ឮស្នូរយ៉ាងខ្លាំង ធ្វើឲ្យខ្ទាតចេញពីម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យវាស់វែង និងស្រាវជ្រាវរកមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិន យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ រីឯជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈដែលរថយន្ត និងម៉ូតូ ត្រូវរបាននគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមនីតិវិធី ។






ចែករំលែកព័តមាននេះ