ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ចាប់ឡានដឹកឈើ​អារ​ខុសច្បាប់​របស់​មេ​ឈ្មួញ​ម្នាក់ ​

4 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖ កម្លាំង​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ បាន​បើក​ប្រតិបត្តិការ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​អារ​ខុសច្បាប់​មួយ​គ្រឿង នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជ័យ​សែន កាលពី​យប់មិញ។ ភ្លាម​ៗ ​បន្ទាប់​ពី​ការ​បង្ក្រាប មាន​ប្រភព​បង្ហើប​ថា មេ​ឈ្មួញ​ដែល​ជា​ម្ចាស់​ឈើ​កំពុង​ស្វះស្វែង​ធ្វើ​កិច្ច​អន្តរាគមន៍ ដើម្បី​ដោះ​លែង​រថយន្ត​ល្មើសច្បាប់​នោះ​ត្រឡប់​ទៅ​វិញ​ ។

តាមរបាយ​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង៣០​នាទី​យប់​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ ។ នៅ​ក្នុង​កិច្ច​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ម៉ាក Tundra ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-5900 ដែល​ផ្ទុក​ឈើ​អារ​ប្រភេទ «​ដួងចែម​» ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បង្ហើប​ថា រថយន្ត​ដឹកឈើ​ខាងលើ​ ជា​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ដ៏​ល្បីឈ្មោះ​ម្នាក់ ហៅ «​តេ​ង​» រស់នៅ​ខេត្តកំពង់ធំ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​មន្ត្រី​ពាក់អាវ​ខៀវ​-​កងកម្លាំង​ម្នាក់​ផង​ដែរ ​។ ក្រោយ​ការ​ឃាត់ខ្លួន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ទោះជា​យ៉ាងណា ស្រប​ពេល​ដែល​វត្ថុ​តាង​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមត្ថកិច្ច បែរជា​មាន​ព័ត៌មាន​លេចឮ​មក​ថា មេ​ឈ្មួញ​រូប​នេះ ​កំពុង​ប្រើប្រាស់​ឥទ្ធិពល និង​ទំនាក់ទំនង ដើម្បី​រត់ការ​សុំ​ដោះ​លែង​រថយន្ត និង​បទល្មើស​ខាងលើ ដែល​ករណី​នេះ​កំពុង​ធ្វើ​ឲ្យ​មានការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​មហាជន​ ។

ជុំវិញ​ករណី​នេះ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដែល​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ ចេញពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ខេត្តកំពង់ធំ តាម​រយៈ​មេ​ឈ្មួញ​រូប​នេះ​។

ជាមួយ​គ្នា​នោះ ពួក​គេ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ថ្នាក់​ជាតិ មេត្តា​បើក​ការ​ស៊ើបអង្កេត និង​ដាក់​វិធានការ​ច្បាប់​ឲ្យ
បាន​​តឹង​រឹង​បំផុត​ទៅ​លើ​មន្ត្រី​មូលដ្ឋាន ចៀសវាង​មានការ​យោគយល់ ឬ​ដោះ​លែង​វត្ថុ​តាង​បទល្មើស​ដោយ​ខុសច្បាប់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​លើ​ការ​ការពារ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​ ៕