រាជធានីភ្នំពេញ ៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ ឆ្នាំ២០២៦ នៅបរិវេណវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៦០០នាក់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្តាប់មតិយោបល់ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ អំពីការអនុវត្តគោលនយោបាយ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ព្រមទាំងផ្តល់នូវដំណោះស្រាយលើបញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានសង្កាត់ទាំង ៧ នៃខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ក្រុមប្រឹក្សាខណ្ឌ រដ្ឋបាលខណ្ឌ និងមតិយោបល់របស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាអាទិ៍ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញខុសច្បាប់ បញ្ហាក្មេងទំនើង គ្រឿងញៀនខុសច្បាប់ និងល្បែងស៊ីសងជាដើម។ ការអភិវឌ្ឍមូលដ្ឋានក៏ជាកត្តាសំខាន់ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈមនានាក្នុងការស្នើសុំសេវាសាធារណៈ សូមទំនាក់ទំនងដោយផ្ទាល់ជាមួយអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌ ដើម្បីចៀសវាងការលើកឡើងបញ្ហានៅតាមបណ្តាញសង្គមផ្សេងៗ ដែលមិនមែនជាយន្តការដោះស្រាយបញ្ហាដ៏សមស្របនោះទេ។

ចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គវេទិកាអំពីឱកាសការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ និងមានបំណងចង់បានជំនាញច្បាស់លាស់មួយប្រចាំជីវិត សូមទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ