បង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆែកឆេរ៩២ទីតាំង រកឃើញ១ទីតាំងនៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនស្ត្រី៣នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន សរុប៩២ទីតាំង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ចុះត្រួតពិនិត្យឆែកឆេរដោយរកឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ទីតាំងឃាត់ខ្លួនស្ត្រី៣នាក់ និងដករហូតវត្ថុតាងមួយចំនួន ។

តាមរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំ និងបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន៩២ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៣៣៣នាក់ (ស្រី១២៨នាក់) ក្នុងនោះពុំមានលិខិតឆ្លងដែន១១នាក់ ។

ក្នុងនោះ ក្រុមការងារបានពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណីនៅទីតាំងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន៣នាក់ ជនជាតិខ្មែរ ព្រមជាមួយសម្ភារពាក់ព័ន្ធមួយចំនួន។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

ក្នុងថ្ងៃដដែលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ ០៣ សរុបចំនួន២ទីតាំង មនុស្សចំនួន២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀល)៕





ចែករំលែកព័តមាននេះ