ឃាត់ខ្លួនម្ចាស់ឃ្លាំងនិងអ្នកគ្រប់គ្រង៥នាក់ បន្ទាប់ពីរកឃើញទំនិញនាំចូលពីថៃ៥ទីតាំងទៀតក្នុងរាជធានីភ្នំពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ឃ្លាំងស្តុកសាច់បង្កក និងទំនិញគ្រប់មុខចំនួន៣៣ទីតាំង ត្រូវកម្លាំងគណៈបញ្ជាការឯកភាពនៅតាមបណ្ដាខណ្ឌទាំង១៤ សហការជាមួយនគរបាល និងមន្ត្រីជំនាញបានបើកប្រតិបត្តិការចុះឆែកឆេរ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយរកឃើញឃ្លាំងទំនិញគ្រប់មុខ នាំចូលពីរប្រទេសថៃចំនួន៥ទីតាំង ហើយសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងចំនួន៥នាក់ ព្រមទាំងបិទឃ្លុមបេឃ្លាំជាបណ្តោះអាសន្ន ។

តាមរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម
ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន៣៣កន្លែង ដែលសង្ស័យមាននាំចូលស្តុកទុកចរាចរណ៍ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

តាមរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា នៅក្នុងប្រតិបតិការឆែកឆេរទាំង៣៣ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទំនិញនាំចូលពីប្រទេសថៃចំនួន៥ទីតាំង៖
១-ទីតាំងឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB (CAMBODIA) មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយរកឃើញសាច់ និងផលិតផលសត្វចំនួន១២ប្រភេទ មានប្រភពនាំចូលពីប្រទេសថៃ។
២-ទីតាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិតនៅផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន២១មុខ ស្មើនឹងជាង១.២០០គីឡូក្រាម ជាផលិតផលនាំចូលពីប្រទេសថៃដោយខុសច្បាប់។
៣-ទីតាំងឃ្លាំងលេខ៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុនLUX ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល តាមការពិនិត្យជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន០២ប្រភេទ មានទម្ងន់សរុបជិត៣០តោន មិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ។
៤-និង-៥ជាទីតាំងឃ្លាំងទំនិញធំៗ ដែលមានម្ចាស់តែមួយ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ សង្ស័យថា មាននាំចូលទំនិញបង្កក និងផលិតផលគ្រប់មុខនាំចូលពីប្រទេសថៃ។

ជាលទ្ធផល សម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនា នេះ សមត្ថកិច្ចសម្រេចបិទឃ្លុមទីតាំងឃ្លាំង និងទូបង្កកទាំងអស់ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន០៥នាក់ ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ៕
















ចែករំលែកព័តមាននេះ