ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ខេត្តស្ទឹងត្រែង ឃាត់ឡាន​ដឹកគោ-ក្របីច្រើន​ករណី សង្ស័យ​នាំ​ចូល​ខុសច្បាប់

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង បាន​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​សត្វ​គោ និង​ក្របី​រាប់​សិប​ក្បាលចំនួន៥​ករណី​បន្តបន្ទាប់​គ្នា ក្នុង​រយៈពេល២​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​សង្ស័យ​ថា​ មាន​ភាព​មិន​ប្រក្រតី និង​ឯកសារ​ច្បាប់​ច្បាស់លាស់​ ។ បច្ចុប្បន្ន សត្វ​គោ​-​ក្របី​ទាំង អស់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង ដើម្បី​ត្រួតពិនិត្យ​តាម​នីតិវិធី​ជំនាញ​ ។

ពាក់ព័ន្ធ​ករណី​ខាងលើ ​យោង​តាម​ប្រភព​ព័ត៌មានឱ្យ​ដឹង​ថា សត្វ​គោ និង​ក្របី​រាប់​សិប​ក្បាល ​ដែល​ត្រូវ​បាន​ឃាត់​ទុក​នោះ ត្រូវ​គេ​សង្ស័យ​ថា​ ជា​សត្វ​ដែល​ត្រូវ​គេ​ដឹកជញ្ជូន​ឆ្លង​ដែន​ចេញពី​ប្រទេស​ជិតខាងចូល​មក​ក្នុងទឹកដី​កម្ពុជា តាម​ច្រកព្រំដែន​នៃ​ខេត្តស្ទឹងត្រែង​ ។

ការ​ឈាន​ទៅ​ដល់​ការ​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​សត្វ​គោ​ឥ​ក្របី ចំនួន​៥​ករណី​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ពិ​និត្យ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​លើ​ឯកសារ​អមដំណើរ ដូច​ជា​ ​លិខិត​ស្នាម​មួយ​ចំនួន​បាន​ហួស​សុពលភាព (​ហួសកំណត់​ថ្ងៃខែ​ប្រើប្រាស់​)​។​លិខិតបញ្ជាក់​ការ​ទិញ-​លក់​សត្វ មិន​មាន​លក្ខណៈ​ត្រឹមត្រូវ និង​ខ្វះ​ភាព​ត្រឹមត្រូវ​គ្រប់គ្រាន់​តាម​ទម្រង់​រដ្ឋបាល​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ដឹក​ជញ្ជូន​សត្វពាហនៈ​ទាំងនេះ គឺ​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រភព​ដើម​មិន​ច្បាស់លាស់​នោះ​ឡើយ​ ។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​បសុសត្វ​កំពុង​ធ្វើការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ​ ។ ប្រសិនបើ​រក​ឃើញ​ថា​ មានការ​រំលោភ​បំពាន ឬ​ល្មើសច្បាប់​នោះ​ មន្ទីរ​ជំនាញ​នឹង​អនុវត្ត​វិធានការ​ច្បាប់​ទៅ​តាម​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចរាចរណ៍​សត្វ​គោ​-​ក្របី ពី​ប្រទេស​ជិតខាង​ជា​ពិសេស​ ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​ខេត្ត​ស្ទឹង​​ត្រែង មានការ​កម្រើក​ឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ។ ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា បន្ទាប់​ពី​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​ទៅ​គោ​-​ក្របី​ទាំងនោះ ​ត្រូវ​បាន​គេ​ដឹកជញ្ជូន​បន្ត​ទៅ​ចែកចាយ ឬ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុង​តំបន់ និង​ខេត្ត​-​ក្រុង​ណាមួយ​បន្ត​នោះ​ដែរ​ ។

ទន្ទឹម​នេះ ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​សំណូមពរ​ដោយ​ទទូច​ គឺ​បញ្ចប់​ការ​ចរាចរណ៍​ការ​នាំ​យក​អីវ៉ាន់ ទំនិញ ឬ​សត្វ អ្វី​ផ្សេង​ៗ​ពី​ប្រទេស​ចោរ​ឈ្លានពាន​ថៃយក​មក​ផ្គត់ផ្គង់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​៕