ទីក្រុងវៀងចន្ទន៍៖ ប្រទេសឡាវបានចាប់ផ្តើមអនុវត្តវិធីសាស្ត្រប្លែក និងទំនើបមួយ ដោយបានបង្ហោះបង្ហើរ «កងទ័ពមូសពិសេស» ទៅក្នុងភូមិចំនួន ២២ គ្របដណ្តប់ជាង ២១,៦០០ ខ្នងផ្ទះ នៅក្នុងក្រុងកៃសន ភូមិវិហាន ខេត្តសាៈវណ្ណខេត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នាពេលថ្មីៗនេះ។
គម្រោងនេះជាកិច្ចសហការរវាងក្រសួងសុខាភិបាលឡាវ និងកម្មវិធីមូសពិភពលោក (WMP) ដោយប្រើប្រាស់មូសខ្លាដែលផ្ទុកបាក់តេរីធម្មជាតិម្យ៉ាង ឈ្មោះថា Wolbachia។ នៅពេលមូសពិសេសទាំងនេះទៅបង្កាត់ពូជជាមួយមូសខ្លាធម្មជាតិ វានឹងធ្វើឱ្យមូសជំនាន់ក្រោយបាត់បង់សមត្ថភាពក្នុងការចម្លងមេរោគគ្រុនឈាម គ្រុនហ្ស៊ីកា និងគ្រុនឈីក។ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា មូសទាំងនេះមិនមែនជាមូសកែច្នៃហ្សែនឡើយ ហើយមិនមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬបរិស្ថាននោះទេ។
មុននឹងពង្រីកមកខេត្តសៈវណ្ណខេត ឡាវធ្លាប់បានជោគជ័យលើការបង្ហោះមូសនេះនៅរដ្ឋធានីវៀងចន្ទន៍កាលពីឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រពីប្រជាជនរហូតដល់ ៩៩%។ នៅក្នុងខែមិថុនា ឆ្នាំ២០២៦ នេះ ឡាវមានផែនការពង្រីកការបង្ហោះមូសពិសេសនេះទៅកាន់ខេត្តធំៗចំនួន ៣ ទៀត រួមមាន ឧត្តមសៃ , ហ្លួងព្រះបាង និងចំប៉ាសាក់ ដើម្បីការពារប្រជាពលរដ្ឋឱ្យបានជាង ១,២ លាននាក់នៅទូទាំងប្រទេស ស្របពេលដែលជំងឺគ្រុនឈាមនៅតែជាជំងឺឆ្លងប្រចាំតំបន់ដ៏គួរឱ្យបារម្ភមួយ ដោយគិតត្រឹមពាក់កណ្តាលខែឧសភានេះ ឡាវមានអ្នកឆ្លងជាង ១,៣០០ ករណីរួចទៅហើយ៕
ចែករំលែកព័តមាននេះ