ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមបើកប្រតិបត្តិការ​ឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ក្នុងករណីជួញដូរគ្រឿងញៀនធំបំផុតមិនធ្លាប់មាន

19 ម៉ោង មុន

ទីក្រុងហាណូយ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ក្រសួងនគរបាលវៀតណាមបានប្រកាសពីការបំបែកខ្សែបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ក្រោមប្រតិបត្តិការសម្ងាត់​ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤០៣ នាក់ នៅក្នុងខេត្ត-ក្រុងចំនួន ១១ ជុំវិញប្រទេស ដែលនេះជាការចាប់ខ្លួនមនុស្សក្នុងចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងសំណុំរឿងគ្រឿងញៀនតែមួយនៅវៀតណាម។

នៅក្នុងការវាយឆ្មក់នេះ កម្លាំងចម្រុះបានរឹបអូសថ្នាំញៀនសំយោគជិត ៩០ គីឡូក្រាម, ហេរ៉ូអ៊ីនជាង ៦ គីឡូក្រាម, ថ្នាំគ្រាប់គ្រវីជាង ៦,០០០ គ្រាប់, អាវុធ ៧ ដើម ព្រមទាំងរថយន្ត និងប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់។ ក្រុមឧក្រិដ្ឋជនអាជីពទាំងនេះ បានទាក់ទងគ្នាតាមកម្មវិធីសម្ងាត់ ផ្លាស់ប្តូរលេខទូរស័ព្ទញឹកញាប់ និងប្រើប្រាស់កាបូបលុយអេឡិចត្រូនិកដើម្បីបង្វែរដានសមត្ថកិច្ច។

គិតមកទល់ពេលនេះ ប៉ូលិសវៀតណាមបានចោទប្រកាន់ជនជាប់ចោទជាផ្លូវការចំនួន ២៣០ នាក់ ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន​ ៤៥ ករណី ខណៈមនុស្ស ១១៤ នាក់ទៀតត្រូវរងពិន័យរដ្ឋបាល ហើយសមត្ថកិច្ចកំពុងបន្តពង្រីកការស៊ើបអង្កេតបន្ថែមទៀត៕