ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ គាំទ្រ​ទាំងស្រុង​របាយការណ៍​របស់ អគ្គនាយក​អង្គការ ILO ក្រោម​ប្រធានបទ «​ពេលវេលា​នៃ​ការ​ជ្រើសរើស​៖ ការ​ទាញ​យក​ផលប្រយោជន៍​ពី​បញ្ញា​សិប្បនិម្មិត​សម្រាប់​ការងារ​សមរម្យ​»

18 ម៉ោង មុន

ទីក្រុង​ហ្សឺ​ណែវ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍ និង​ពិភាក្សា​លើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​អគ្គនាយក​អង្គការ ILO ក្នុង​សម័យប្រជុំ​ពេញអង្គ​នៃ​សន្និសីទ​អន្តរជាតិ​ការងារ​លើក​ទី ១១៤ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស នា​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ​របាយការណ៍​របស់​អគ្គនាយក​អង្គការ ILO ក្រោម​ប្រធានបទ «​ពេលវេលា​នៃ​ការ​ជ្រើសរើស​៖ ការ​ទាញ​យក​ផលប្រយោជន៍​ពី​បញ្ញា​សិប្បនិម្មិត​សម្រាប់​ការងារ​សមរម្យ​»​។ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​ថា AI ត្រូវ​បម្រើ​មនុស្ស មិនមែន​ជំនួស​មនុស្ស​នោះ​ទេ​ ។
  
ជាមួយនឹង​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ ILO សម្រាប់​ភាព​ជា​ដៃគូ និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ក្នុង​ការ​លើកកម្ពស់​ការងារ​សមរម្យ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​ជំនាញ និង​កំណើនសេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ​បរិ​យា​បន្ន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​កត់​សម្គាល់ថា បញ្ញា​សិប្បនិម្មិត (AI) មិនមែន​គ្រាន់តែ​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កំពុង​កែប្រែ​ប្រព័ន្ធ​ផលិតកម្ម ទីផ្សារ​ការងារ និង​គំរូ​អាជីវកម្ម​ជាដើម​។ ទន្ទឹម​នឹង​ឱកាស​ជា​ច្រើន​ដែល AI ផ្តល់​ជូន វា​ក៏​អាច​បង្ក​ហានិភ័យ​ចំពោះ​ការ​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​កម្មសិទ្ធិបញ្ញា ប្រសិនបើ​ក្រប​ខណ្ឌ​ច្បាប់ បទ​ប្បញ្ញត្តិ និង​យន្តការ​អភិបាលកិច្ច​មិន​ទាន់​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ​។
 
ទន្ទឹម​នឹង​នេះ ឯកឧត្ដម​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​ជាមួយនឹង​ការ​រីក​ចម្រើន​របស់​មនុស្ស ដែល​វត្តមាន AI គឺ​ដើម្បី​បង្កើន​សមត្ថភាព​មនុស្ស មិនមែន​ជំនួស​ការងារ​មនុស្ស​នោះ​ឡើយ​។ ហេតុនេះ កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ខ្លឹមសារ​នៃ​របាយការណ៍​ដែល​បាន​គូសបញ្ជាក់​ថា អនាគត​នៃ​ការងារ​ត្រូវ​តែ​ផ្តោត​លើ​មនុស្ស​ជា​ចម្បង ដោយ​តម្រូវ​ឱ្យ​មាន​ស្ថាប័ន​ដ៏​រឹង​មាំ កិច្ច​សន្ទនា​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​វិនិយោគ​លើ​មូលធន​មនុស្ស​។
 
ឯកឧត្តម​បន្ត​ថា សម្រាប់​កម្ពុជា ការ​វិនិយោគ​លើ​ជំនាញ ភាព​អាច​ទទួល​បានការ​ងារ ផលិតភាព និង​កិច្ច​គាំពារ​សង្គម មិនមែន​គ្រាន់តែ​ជា​គោលដៅ​នយោបាយ​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​សម្រាប់​ការ​ប្រកួតប្រជែង ភាព​ធន់ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ កម្ពុជា​បន្ត​វិនិយោគ​យ៉ាង​ខ្លាំង​លើ​កម្មវិធី លើ​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​បណ្តុះបណ្តាល និង​ការ​បញ្ចូល​សមត្ថភាព​ឌី​ជី​ថ​ល កំពុង​ផ្តល់​ជូន​បងប្អូន​កម្មករនិយោជិត ជា​ពិសេស​យុវជន នូវ​ជំនាញ​ចាំបាច់​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះដឹង​។ បន្ថែម​ពី​នេះ កម្ពុជា​ក៏​ទទួលស្គាល់​ដែរ​ថា ការ​សិក្សា​ពេញ​មួយ​ជីវិត ការ​ពង្រឹង​ជំនាញ​ឡើង​វិញ និង​ការ​រៀន​ជំនាញ​ថ្មី​នឹង​កាន់តែ​មាន​សារៈសំខាន់​ក្នុង​ពេល​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​លឿន​នៃ​បច្ចេកវិទ្យា​។
 
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ចែករំលែក​នូវ​លទ្ធផល​ការងារ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​ការ​លើកកម្ពស់​កិច្ច​សន្ទនា​សង្គម ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ ការ​គោរព​និង​លើកកម្ពស់​សិទ្ធិ​ការងារ ការ​បណ្តុះបណ្តាល​ជំនាញ និង​ការ​ដាក់​ចេញ​គោលនយោបាយ​សំខាន់​ៗ ដើម្បី​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ចូល​មក​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នៅ​ក្នុង​បរិបទ AI​។ ក្នុង​នាម​ជា​ប្រទេស​ឈានមុខ​មួយ​នៃ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម កាតាលីករ​សកល ស្ដី​ពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ការងារ​ប្រកបដោយ​ផលិតភាព ការ​ព​ន្លឿ​ន​ការ​ឈាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​បន្ន ​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ ILO រដ្ឋាភិបាល និយោជក កម្មករនិយោជិត និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា AI ជួយ​កសាង​អនាគត​នៃ​ការងារ​ប្រកបដោយ​នវានុវត្តន៍ បរិ​យា​បន្ន ភាព​ធន់ ការងារ​សមរម្យ និង​ឈរ​លើ​មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​យុត្តិធម៌​សង្គម ​។

ក្នុង​កិច្ច​ពិភាក្សា​នេះ ប្រតិភូ​ត្រីភាគី​បាន​យកចិត្តទុកដាក់​ចំពោះ​បទ​អន្តរាគមន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ជា​ពិសេស​ការ​លើក​ឡើង​ថា បញ្ញា​សិប្បនិម្មិត​ត្រូវ​បម្រើ​មនុស្ស មិនមែន​ជំនួស​មនុស្ស​នោះ​ទេ​។ សារ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​អនាគត​នៃ​ការងារ តាម​រយៈ​ការ​វិនិយោគ​លើ​ជំនាញ កិច្ច​គាំពារ​សង្គម និង​ការងារ​សមរម្យ​ ៕