ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិកបើកការវាយប្រហារសងសឹកតាមអាកាស បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងអ៊ីរ៉ង់​

19 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានហក់ឡើងកម្ដៅខ្លាំងជាថ្មី បន្ទាប់ពីមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លា និងសំឡេងផ្ទុះគ្រាប់បែកជាច្រើនកន្លែងត្រូវបានឮឡើងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីព្រលឹមស្រាងៗថ្ងៃពុធនេះ ដែលបង្ខំឱ្យប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់បើកការវាយបកតបតភ្លាមៗ នៅក្នុងទីក្រុងកំពង់ផែ កោះ និងស្រុកជាច្រើនទៀត។

បើតាមសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា សំឡេងផ្ទុះយ៉ាងតិចណាស់ចំនួន ៦ដង ត្រូវបានកត់ត្រាទុក ក្រោយពីតំបន់ទាំងនោះរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក។

ការទម្លាក់គ្រាប់បែកនេះ ធ្វើឡើងបន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិក​បានប្រកាសនៅលើបណ្តាញសង្គម X ថា កងទ័ពអាម៉េរិកបានចាប់ផ្តើមបើកការវាយប្រហារក្នុងទម្រង់ «ការពារខ្លួន» ទៅលើប្រទេសអ៊ីរ៉ង់ ក្រោមបញ្ជាផ្ទាល់របស់ប្រធានាធិបតី ដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាអាម៉េរិកម៉ាក​កាលពីថ្ងៃអង្គារ។ អាម៉េរិកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធានេះ គឺជាការឆ្លើយតបដ៏សមាមាត្រទៅនឹងការឈ្លានពានដែលគ្មានហេតុផលរបស់អ៊ីរ៉ង់។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខចោទប្រកាន់អ៊ីរ៉ង់ចំៗថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងគោកអាម៉េរិក នៅក្បែរច្រកសមុទ្រ Hormuz ហើយលោកបានប្ដេជ្ញាថានឹងត្រូវតែវាយបកវិញជាដាច់ខាត។ លោក ត្រាំ បានបញ្ជាក់បន្ថែមថា ពីឡុតទាំងពីរនាក់នៅលើឧទ្ធម្ភាគចក្រនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយមានសុវត្ថិភាព និងមិនមានរងរបួសនោះឡើយ ប៉ុន្តែទោះជាយ៉ាងណា សហរដ្ឋអាម៉េរិកនៅតែចាំបាច់ត្រូវតែឆ្លើយតបចំពោះការវាយប្រហារមួយនេះ៕