ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ នៃ​រដ្ឋ​សមាជិក​អង្គការ ILO ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ពិភាក្សា​លើ​ប្រធានបទ បញ្ញា​សិប្បនិម្មិត (AI)

18 ម៉ោង មុន

ទីក្រុង​ហ្សឺ​ណែវ​ ៖ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​រដ្ឋ​សមាជិក​អង្គការ ILO ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (ASPAG Ministerial Meeting) ក្រោម​ប្រធានបទ «​ពេលវេលា​នៃ​ការ​ជ្រើសរើស​៖ ការ​ទាញ​យក​ផលប្រយោជន៍​ពី​បញ្ញា​សិប្បនិម្មិត​សម្រាប់​ការងារ​សមរម្យ​» ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​ ។
 
ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា AI ដែល​ផ្តល់​ទាំង​ឱកាស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ទាំង​បញ្ហា​ប្រឈម​ផ្នែក​គោលនយោបាយ មាន​សក្តានុពល​ក្នុង​ការ​បង្កើន​ផលិតភាព ជំរុញ​នវានុវត្តន៍ និង​បង្កើត​វិធីសាស្ត្រ​ថ្មី​សម្រាប់​កំណើនសេដ្ឋកិច្ច​ ។

ឯកឧត្តម​ បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច គឺជា​ស្នូល​នៃ​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ​ដ៏​មាន​សារៈសំខាន់​។ ដោយ​ផ្អែក​លើ​ចក្ខុវិស័យ​នេះ កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​វិនិយោគ​លើ​មនុស្ស គឺជា​ការ​ឆ្លើយ​តប​ប្រកបដោយ​ចីរភាព​បំផុត​ចំពោះ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​។ តាម​រយៈ​កំណែទម្រង់​ជា​បន្តបន្ទាប់​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) រួម​ទាំង​កម្មវិធី TVET ១,៥ លាន​សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​, កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា (DEY) និង​គំនិត​ផ្តួចផ្តើម​កាតាលីករ​សកល ស្ដី​ពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ កម្ពុជា​កំពុង​ផ្តល់​ជូន​កម្លាំង​ពលកម្ម​នូវ​ជំនាញ ភាព​បត់បែន និង​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត ដែល​ចាំបាច់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ពិភព​ការងារ​ដែល​កំពុង​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​ ។

ជាមួយ​គ្នា​នេះ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ត្រូវ​ផ្អែក​លើ​គុណ​តម្លៃ​របស់​មនុស្ស​។ អភិបាលកិច្ច​លើ AI គួរតែ​ត្រូវ​បាន​ដឹកនាំ​ដោយ​គោលការណ៍​តម្លាភាព គណនេយ្យ​ភាព យុត្តិធម៌ និង​ការ​គោរព​គោលការណ៍ និង​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​កន្លែង​ការងារ​។ សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បញ្ហា​ប្រឈម​នៅ​ចំពោះ​មុខ​គឺ​មិនមែន​មាន​តែ​ការ​ត្រៀមខ្លួន​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មានការ​ត្រៀមខ្លួន​ផ្នែក​គោលនយោបាយ​ផង​ដែរ​។ ខណៈ​ដែល​ប្រទេស​នីមួយ​ៗ​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​ល្បឿន​ខុស​ៗ​គ្នា និង​មាន​ចំណុច​ចាប់ផ្តើម​ខុស​គ្នា កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​គឺ​ពិតជា​មាន​សារៈសំខាន់​ជា​ខ្លាំង ​។
 
ឯកឧត្តម​ បាន​អំពាវនាវ​ឱ្យ​ពង្រឹង​កិច្ចសហការ​លើ​ជំនាញ​ឌី​ជី​ថ​ល ការ​ស្រាវជ្រាវ​ព័ត៌មាន​ទីផ្សារ​ការងារ ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​ចែករំលែក​ចំណេះដឹង ដើម្បី​ធានា​ថា គ្មាន​ប្រទេស​ណាមួយ និង​គ្មាន​កម្មករនិយោជិត​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​នោះ​ទេ​។ នៅ​ពេល​ដែល AI បន្ត​ផ្លាស់​ប្តូរ​ពិភព​ការងារ​, រដ្ឋាភិបាល និយោជក និង​កម្មករនិយោជិត​ត្រូវ​តែ​ធ្វើការ​រួម​គ្នា​តាម​រយៈ​កិច្ច​សន្ទនា​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម កាត់​បន្ថយ​ហានិភ័យ និង​បង្កើត​ឱកាស​សម្រាប់​មនុស្ស​គ្រប់​រូប​។ កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ចំពោះ​របៀបវារៈ​ការងារ​សមរម្យ​របស់​អង្គការ ILO គោលការណ៍​ត្រីភាគី​និយម និង​កិច្ច​សន្ទនា​សង្គម​៕