ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​សិង្ហ​បុរី ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​សំណង់ បដិសណ្ឋារកិច្ច និង​សេវាកម្ម

19 ម៉ោង មុន

​ទីក្រុង​ហ្សឺ​ណែវ​ ៖ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ឆ្លៀតឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បណ្ឌិត តាន់ ស៊ី​ឡេ​ង (Tan See Leng) រដ្ឋមន្ត្រីក្រសួង​ហត្ថពល​កម្ម ​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​ក្នុងអំឡុងពេល​សន្និសីទ​អន្តរជាតិ​ខាង​ការងារ ​លើក​ទី១១៤ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជា​ពិសេស​លើ​វិស័យ​សំណង់ បដិសណ្ឋារកិច្ច និង​សេវាកម្ម​ ។
 
ក្នុង​កិច្ច​ពិភាក្សា​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម ហេង សួរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​កម្ពុជា និង សិង្ហ​បុរី ដោយ​ឯកឧត្តម​បាន​បង្ហាញ​ការ​ចំណាប់អារម្មណ៍​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​សមរម្យ ការ​អនុវត្ត​ធុរកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ជំនាញ​បៃតង និង​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET), ចំណេះដឹង​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) និង​ការ​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ព្រមទាំង​ការ​សិក្សា​ពេញ​មួយ​ជីវិត ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​អភិវឌ្ឍ​ជំនាញ​សម្រាប់​អនាគត (Skills Future) ព្រមទាំង​ក្របខ័ណ្ឌ​ទទួលស្គាល់​គុណវុឌ្ឍិ​ ។
 
នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត តាន់ ស៊ី​ឡេ​ង បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​កម្ពុជា ក្នុង​ការ​រៀនសូត្រ​ពី​បទ​ពិសោធ​សិង្ហ​បុរី​លើ​កម្មវិធី​អភិវឌ្ឍ​ជំនាញ​សម្រាប់​អនាគត ការ​សិក្សា​ពេញ​មួយ​ជីវិត ជំនាញ​ឌី​ជី​ថ​ល និង​ជំនាញ​បៃតង​។ ភាគី​សិង្ហ​បុរី ​បាន​បង្ហាញ​ការ​បើកចំហ​ក្នុង​ការ​ពិភាក្សា​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ ដែល​អាច​ជួយ​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ នៃ​កម្លាំង​ពលកម្ម​។
 
ភាគី​ទាំង​ពីរ​ បាន​សម្តែង​នូវ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​រវាង​កម្ពុជា និង​សិង្ហ​បុរី នឹង​បន្ត​វិ​វត្ត​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​ចីរភាព ភាព​ធន់​នៃ​កម្លាំង​ពលកម្ម និង​សមាហរណកម្ម​អាស៊ាន​ ៕