ទីក្រុងម៉ានីឡា៖ រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន លោកស្រីតេរ៉េសា ឡាហ្សារ៉ូ ថ្លែងថាលោកស្រីចង់ណាត់ជួបក្រុមជនជាតិភាគតិចនៅមីយ៉ាន់ម៉ានារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីសិក្សាស្វែងយល់អំពីស្ថានការណ៍ និងស្វែងរកដំណោះស្រាយ។ លោកស្រីថ្លែងថាលោកស្រីចង់ជួបក្រុមជនជាតិភាគតិចខ្លះ ចង់ស្វែងរកដំណោះស្រាយជូនពួកគេ និងចង់សិក្សាស្វែងយល់ថាតើត្រូវជួយពួកគេតាមវិធីណា។

ឆ្នាំនេះ ហ្វ៊ីលីពីនធ្វើជាម្ចាស់ផ្ទះប្ដូរវេនអាស៊ាន។ ប្រធានាធិបតីហ្វ៊ីលីពីន លោកម៉ាកូស បានតែងតាំងលោកស្រីឡាហ្សារ៉ូជាបេសកជនពិសេសទទួលបន្ទុកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ លោកស្រីមិនបានបញ្ជាក់ឱ្យបានច្បាស់ថានឹងជួបក្រុមណាទេ ឬក៏ថានឹងជួបគ្នានៅទីកន្លែងណាពិតប្រាកដក៏មិនទាន់ដឹងនៅឡើយដែរ។ លោកស្រីគ្រាន់តែបញ្ជាក់ដោយខ្លីថាយើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើអ្វីៗនឹងដំណើរការដោយរបៀបណា។

ប្រទេសមីយ៉ាន់ម៉ាត្រូវហែកហួរដោយជម្លោះប្រដាប់អាវុធចាប់តាំងពីឆ្នាំ២០២១មកនៅពេលក្រុមបាតុករប្រឆាំងនឹងអំពើរដ្ឋប្រហារត្រូវក្រុមយោធាបង្ក្រាបយ៉ាងខ្លាំងក្លា។ បញ្ហានេះនាំទៅដល់ការដុតបញ្ឆេះសង្គ្រាមស៊ីវិលដែលចូលរួមពាក់ព័ន្ធដោយក្រុមសម្ព័ន្ធមិត្តនៃពួកឧទ្ទាមជាច្រើនក្រុម។ ចាប់ពីពេលនោះមក ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាត្រូវបានសមាគមអាស៊ានហាមឃាត់មិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំទេ។

ទោះជាយ៉ាងណាក្ដី អាស៊ានបាន និងកំពុងស្វះស្វែងរកការផ្សារភ្ជាប់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាឡើងវិញចាប់តាំងពីមីយ៉ាន់ម៉ាបង្កើតបានរដ្ឋាភិបាលស៊ីវិលថ្មីមួយក្រោយការបោះឆ្នោតជាបីដំណាក់កាល។ ប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីនអុងឡាំង ថ្លែងថារដ្ឋាភិបាលថ្មីនឹងខិតខំធ្វើឱ្យមានទំនាក់ទំនងជាប្រក្រតីជាមួយអាស៊ាន។ កាលពីខែមករា រដ្ឋាភិបាលទីក្រុងម៉ានីឡាបានកោះប្រជុំភាគីដែលពាក់ព័ន្ធនឹងសង្គ្រាមនេះ និងរួមបញ្ចូលទាំងក្រុមឧទ្ទាមភាគតិចផងដែរដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនេះ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ