ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបើកការវាយប្រហារតាមអាកាសនៅព្រឹកថ្ងៃពុធលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីចោទប្រកាន់ថាអ៊ីរ៉ង់ជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង។ សកម្មភាពនេះជំរុញឱ្យមានការវាយប្រហារតបតវិញពីសំណាក់អ៊ីរ៉ង់។ ហេតុនេះ ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកកាន់តែមានសភាពស្រួចស្រាល់ ហើយគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាម។ អ៊ីរ៉ង់បើកការវាយប្រហារទៅលើទីតាំងនានានៅប្រទេសបារ៉ែន និងគុយវែត។

ប្រទេសទាំងពីរនេះបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្ន និងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដើម្បីឆ្លើយតប។ ប្រទេសហ្សកដានីក៏បានរាយការណ៍ផងដែរថាខ្លួនបាញ់ទម្លាក់មីស៊ីលប្រាំគ្រាប់ដែលអ៊ីរ៉ង់បាញ់សំដៅទៅលើមូលដ្ឋានទ័ពកងទ័ពអាមេរិក។ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលដុតបញ្ឆេះសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក ជម្លោះនេះធ្វើឱ្យរង្គោះរង្គើសេដ្ឋកិច្ចពិភពលោក, ធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងធ្វើឱ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃរួមទាំងស្បៀងអាហារផងដែរឡើងថ្លៃជាងមុន។

ប្រេងឆៅតាមហាងឆេងនៅអឺរ៉ុប (Brent) ឡើងថ្លៃលើសពី៩១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធ។ ដូច្នេះបើប្រៀបធៀបមុនពេលផ្ទុះសង្គ្រាមឃើញថាឡើងថ្លៃជាង២៥%។ មន្ត្រីពាក់ព័ន្ធមិនអាចប្រែក្លាយបទឈប់បាញ់កាលពីខែមេសាទៅជាកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍បានឡើយ។ បញ្ហារឹតតែពិបាកដោះស្រាយនៅពេលអ៊ីស្រាអែលពង្រីកយុទ្ធនាការយោធារបស់ខ្លួននៅប្រទេសលីបង់ដើម្បីតាមប្រមាញ់ក្រុមហេសបូឡា (Hezbollah)។

ការធ្លាក់ឧទ្ធម្ភាគចក្រម៉ាកអាប៉ាឈី (Apache) និងការវាយប្រហារសងសឹកពីសំណាក់យោធាអាមេរិកធ្វើឱ្យបទឈប់បាញ់កាន់តែមានភាពផុយស្រួយ។ កាលពីមួយថ្ងៃមុននោះ អ៊ីស្រាអែល និងអ៊ីរ៉ង់បានបាញ់តដៃគ្នាយ៉ាងខ្លាំងក្លាជាថ្មីចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ផ្សាយកាលពីថ្ងៃអង្គារថាការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់សមាជិកអង្គភាពការពារដែនអាកាសរបស់ខ្លួនយ៉ាងហោចណាស់ពីរនាក់។ ការវាយប្រហារដោយអាមេរិក និងអ៊ីរ៉ង់ធ្វើឱ្យមជ្ឈិមបូព៌ាមានភាពរង្គោះរង្គើ៕ ប្រភព៖ AP
ចែករំលែកព័តមាននេះ