ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោកទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា

20 ម៉ោង មុន

ធនាគារពិភពលោក​ បាន​ទម្លាក់​ការ​ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា នៅ​ខែមិថុនា​នេះ ទាប​ជាង​ការ​ព្យាករណ៍​កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ចំនួន​០,៤​ភាគរយ ប៉ុន្តែ​ទោះជា​យ៉ាងណា ស្ថាប័ន​ម្ចាស់បំណុល​សាធារណៈ​កម្ពុជាមួយ​នេះ​ បាន​អះអាង​ថា សកម្មភាព​គោលនយោបាយ​ដ៏​រឹង​មាំ​របស់​កម្ពុជា នៅ​តែ​ជា​គន្លឹះ​ក្នុង​ការ​ការពារ​ការងារ និង​ជីវភាព​រស់នៅ របស់​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​មាន​វិបត្តិ ។

នៅ​ក្នុង​របាយការណ៍​ដែល​ចេញ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៦ ធនាគារពិភពលោក​បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​នេះ កម្ពុជា​អាច​សម្រេច​បាន​ត្រឹមតែ​៣,៩​ភាគរយ​ទេ ហើយ​ឆ្នាំ​២០២៧ អាច​ឡើង​ដល់​៤,៩​ភាគរយ ។

ខណៈ​ពេល​ដែល​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​កំពុង​ដាក់​សម្ពាធ​លើ​អាជីវកម្ម និង​ជីវភាព​សង្គម​គ្រួសារ​នៅ​កម្ពុជា ការ​ធ្វើ​របាយការណ៍​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច ចុង​ក្រោយ​បំផុត​របស់​ធនាគារពិភពលោក​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​វា​កំពុង​បង្ហាញ​ពី​ភាព​ធន់ ដែល​គាំទ្រ​ដោយ​ការ​កើនឡើង​នៃ​ការ​វិនិយោគ​បរទេស និង​ការ​នាំ​ចេញ​ដ៏​រឹង​មាំ ។

ប្រភព​ដដែល​បាន​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ឆ្លងកាត់​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​អចលនទ្រព្យ និង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​បញ្ញើ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​កម្មករ​ចំណាកស្រុក​ជិត​មួយ​លាន​នាក់ ។ អតិផរណា​បាន​កើនឡើង​ដល់​៥,៨​ភាគរយ នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២៦ ដែល​ប៉ះពាល់​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។ ក្រៅពី​នោះ​កម្ពុជា នៅ​ប្រឈម​មុខ​នឹង​ការ​កើនឡើង​រហូត​ដល់​១០​ភាគរយ នៃ​តម្លៃ​ប្រេងឥន្ធនៈ ប៉ុន្តែ​បានការ​នាំ​ចេញ និង​ការ​វិនិយោគ​ពី​បរទេស​ទប់ទល់ ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស បាន​ឈាន​ដល់​៥,១ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២៥ គឺ​វា​ជួយ​បង្កើត​ការងារ​ផ្លូវការ​ប្រមាណ​៤០០.០០០ ការងារ ខណៈ​ពេល​ដែល​ផ្តល់​ឱកាស​ការងារ​សំខាន់​ៗ​សម្រាប់​កម្មករ​ដែល​ផ្លាស់​ប្តូរ​ពី​វិស័យ​កសិកម្ម និង​ពលករ​ចំណាកស្រុក​ដែល​វិល​ត្រឡប់​មក​ធ្វើការ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​នាំ​ចេញ​ទំនិញ​កម្ពុជា ក៏​នៅ​តែ​រឹង​មាំ​ផង​ដែរ​ដោយ​កើនឡើង​១៧,៧ ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​មួយ នៃ​ឆ្នាំ​២០២៦ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ លោកស្រី តា​នៀ មេ​យ័រ (Tania Meyer) ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឹង​ទប់ខ្លួន​បាន​នៅ​ចំពោះ​មុខ​សភាពការណ៍​ប៉ះទង្គិច​ច្រើន​យ៉ាង​ក្នុង​ពេល​ដំណាលគ្នា ប៉ុន្តែ​នៅ​តែ​បង្ហាញ​នូវ​ភាព​ធន់​ទ្រាំ ដែល​អាច​រក្សា​បាន​តាម​រយៈ​វិធានការ​គោលនយោបាយ​ដែល​មាន​គោលដៅ​ច្បាស់លាស់ ដើម្បី​ការពារ​ការងារ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕