ចក្រភពអង់គ្លេសវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស ។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធិ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេសមកកាន់កម្ពុជា ។

ជាមួយនេះ លោកជំទាវបានគូសបញ្ជាក់ពីសារសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់អង់គ្លេស តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេសនៅក្នុងតំបន់។ ជាការឆ្លើយតបសម្ដេចធិបតីក៏បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរ វាងប្រទេសទាំងពីរ។សម្ដេចមានប្រសាសន៍ថា ការធ្វើពិពិធកម្ម គឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យកាន់តែទូលំទូលាយ។
សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ ជាពិសេស ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្ដេចធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រីបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យដ៏សារសំខាន់ និងការចាប់អារម្មណ៍ខ្ពស់ក្នុងចំណោមនិស្សិតកម្ពុជា និងជាផ្នែកមួយផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរ ។

ចែករំលែកព័តមាននេះ