ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ឃ្លាំង​ក្លាស្សេ​សាច់​បង្កក​នៅ​សែន​សុខ សង្ស័យ​នាំ​ចូល​ពី​​ថៃ​ ដោយរក​ឃើញ​សាច់​បង្កក​​ និង​ជង្គង់​មាន់រាប់​​​​រយ​តោន  

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​ក្លា​ស្សេ​សាច់​បង្កកដ៏​ធំ​មួយ​ដែល​គេ​សង្ស័យ​ថា នាំ​ចូល​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ចុះ​ឆែកឆេរ​ដោយ​រក​ឃើញ  សាច់​បង្កក​គ្រប់​ប្រភេទ រួម​ទាំង​ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​ក្លា​ស្សេ​​រាប់រយ​តោន​ ។

ប្រតិបត្តិការ​ឆែក​​ឃ្លាំង​ទូ​ក្លា​ស្សេ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០ ​ខែមិថុនា​ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ទីតាំង​ឃ្លាំង​សាច់​បង្កក​​ក្នុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង​ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

នៅ​ក្នុង​ព្រឹត្តិការ​នេះ​ដែរ​ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​), ​មន្ត្រី​គយ បសុពេទ្យ​ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ​ព្រមទាំង​មានការ​សម្របសម្រួល នីតិ​វិធី​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​នេះ​ សមត្ថកិច្ច​ចម្រុះ​ក៏​បើក​ប្រតិបត្តិការ​ឆែកឆេរ​ដោយ​រក​ឃើញ​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្កក​ចំនួន​២​គ្រឿង​ដែល​ទើបតែ​ចូល​ថ្មី​ៗ​នៅ​បរិវេណ​មុខ​ឃ្លាំង និង​រក​ឃើញ​សាច់​បង្កក​គ្រប់​ប្រភេទ ​រួម​ទាំង​ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​ក្លា​ស្សេ ​និង​គ្រឿងក្នុងរាប់រយ​តោន ដែល​ច្រក​ថង់​ថា នាំ​ចូល​ពី​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​ផ្សេង​ៗ​ទៀត​ ។

​ទោះបីជា​យ៉ាងណា​ សមត្ថកិច្ច​ជំនាញ​មានការ​សង្ស័យ​ថា  សាច់​បង្កក​ទាំងនោះ​ នាំ​ចូល​ពី​ប្រទេស​ថៃ ​ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ទីតាំង​ឃ្លាំង​ស្តុក​ក្លា​សេ្ស​សាច់​បង្កក​ខាងលើ​ ជាទី​តាំង​ជួល​សម្រាប់​ក្លា​សេ្ស​សាច់ បង្កក​ដ៏​ធំ​មួយ ដែល​មាន​ម្ចាស់​រកស៊ី​នាំ​សាច់​បង្កក​​ចូល​ពី​ប្រទេស​ក្រៅ​ជា​ច្រើន​យក​មក​ស្តុ​​ក​ក្លា​ស្សេ ​ហើយ​ចែក​នៅ​តាម​ទីផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ត​ ៕