រាជធានីភ្នំពេញ ៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម ។

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ។

ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម ។ លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រើន ។

លោកស្រីអគ្គលេខាធិការរងក៏បានកោតសរសើរចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើនដែលការណ៍នេះបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិភាព និងការចែករំលែកបទពិសោធន៍ដ៏ល្អនេះទៅកាន់ពិភពលោក ។

លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ ។

ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជោគជ័យរបស់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានរំលឹកអំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុ ត។
មុននឹងបញ្ចប់ សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ ៕
ចែករំលែកព័តមាននេះ