វត្ថុបុរាណខ្មែរកាលពីជាង១ពាន់ឆ្នាំមុន ដាក់តាំងពិព័រណ៍នៅប្រទេសចិន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមរៀបចំការតាំងពិព័រណ៍វត្ថុសិល្បៈបុរាណខ្មែរ ក្រោមប្រធានបទ«អង្គរ និងសិល្បៈខ្មែរបុរាណ» នៅសារមន្ទីរ Shanxi ប្រទេសចិន ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមលី វណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារជំនាញ ដើម្បីពិនិត្យការរៀបចំដាក់តាំង និងសម្ពោធពិព័រណ៍វត្ថុសិល្បៈបុរាណខ្មែរ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «អង្គរ និងសិល្បៈខ្មែរបុរាណ»(Angkor and the Art of Ancient Khmer) នៅសារមន្ទីរ Shanxi ក្នុងខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន ។ កម្មវិធីតាំងពិព័រណ៍នេះមានរយៈពេល៤ខែ ។
សកម្មភាពនៃការតាំងពិព័រណ៍នេះ គឺជាផ្សព្វផ្សាយ និងរំលេចនូវភាពរស់រវើកនៃសិល្បៈបុរាណខ្មែរ កាលពីជាងមួយពាន់ឆ្នាំមុន និងជាសក្ខីភាពនៃសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ និងអារ្យធម៌ខ្មែរ ដល់ប្រជាពលរដ្ឋចិន ដែលមានចំណងទាក់ទងជាប្រវត្តិសាស្ត្រជាមួយប្រជាជនខ្មែរតាំងពីសម័យបុរាណ តរៀងមក ។
នៅក្នុងការតាំងពិព័ណ៌នេះវត្ថុសិល្បៈខ្មែរពិចិត្រៗចំនួន១៣៦វត្ថុសិល្បៈ មានអាយុកាល ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សម័យក្រោយអង្គរត្រូវបានជ្រើសរើសដោយសម្រិតសម្រាំងពីសមុច្ច័យសារមន្ទីរជាតិកម្ពុជា ដើម្បីដាក់តាំងបង្ហាញនៅសារមន្ទីរShanxi ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៦ ។
ពិព័រណ៍នេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនាដ៏ច្រើនកុះករ និងជួយផ្សព្វផ្សាយឲ្យប្រជាជនចិនកាន់តែចង់ទៅទស្សនាប្រាសាទបុរាណខ្មែរថែមទៀត ៕












ចែករំលែកព័តមាននេះ